(វ៉ាស៊ីនតោន)៖ នេះអាចចាត់ទុកជារឿងដ៏កម្រមួយនៅលើពិភពលោក ហើយបានកើតឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ដែលជាបិតាប្រជាធិបតេយ្យនោះ គឺករណីរបស់បុរសជាជនជាតិអាមេរិកម្នាក់ ដែលបានជាប់ពន្ធនាគារអស់រយៈពេលជិត២៨ឆ្នាំ ដោយសារការកាត់ទោសខុស ពីបទឃាតកម្ម ត្រូវបានតុលាការអាមេរិកដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ។

នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Lamar Johnson មានអាយុ៥០ឆ្នាំ បានដើរចេញពីសាលជំនុំជម្រះនៃតុលាការ ក្នុងទីក្រុង St. Louis នៃរដ្ឋ Missouri បន្ទាប់ពីចៅក្រម លោក David Mason ប្រកាសលុបចោល សាលក្រមផ្តន្ទាសទោសរូបលោក។ ចៅក្រមរូបនេះបានបញ្ជាក់ទៀតថា ការសម្រេចរបស់លោកធ្វើឡើងបន្ទាប់ពីសាក្សី២រូប បានផ្ដល់ភស្តុតាងយ៉ាងច្បាស់ និងគួរឱ្យទុកចិត្តបានថាលោក Johnson គ្មានពិរុទ្ធភាពលើបទឃាតកម្ម ដែលបានកើតឡើងកាលពីឆ្នាំ១៩៩៤នោះទេ។

សូមជំរាបថា លោក Lamar Johnson ត្រូវបានតុលាការក្នុងរដ្ឋ Missouri ផ្ដន្ទាទោសដាក់ពន្ធនាគារពីបទសម្លាប់ជនរងគ្រោះម្នាក់ឈ្មោះ Marcus Boyd កាលពីឆ្នាំ១៩៩៤។ Marcus Boyd ត្រូវបានបុរសបិទមុខ២នាក់បាញ់សម្លាប់នៅមុខផ្ទះរបស់លោក Lamar Johnson កាលពីខែតុលា ឆ្នាំ១៩៩៤ ហើយនៅពេលនោះដែលតុលាការបានចោទប្រកាន់រូបលោកថា ជាអ្នកសម្លាប់ជនរងគ្រោះ។ ប៉ុន្តែ លោក Johnson បានបដិសេធការចោទប្រកាន់ដោយ អះអាងថាលោកមិនបាននៅផ្ទះ នៅពេលដែលការបាញ់ប្រហារនេះកើតឡើងនោះទេ។

ពាក់ព័ន្ធរឿងដ៏ចម្លែក និងកម្រខាងលើនេះ បណ្តាញព័ត៌មាន Fresh News បានសាកសួរទៅកាន់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា, ដោយអ្នកនាំពាក្យរូបនោះ បានគូសបញ្ជាក់ថា ជារឿងអាស្រូវមួយដែលការឃុំខ្លួនបណ្តោះអាសន្ននៅអាមេរិក មានរយៈពេលជិត២៨ឆ្នាំ ហើយដំណើរការក្តីអូសបន្លាយជិត៣ទសវត្ស ប៉ុន្តែ គ្មានអ្នកច្បាប់ ឬអ្នកសិទ្ធិមនុស្សលោកខាងលិចនាំគ្នាលើកឡើងអំពីរឿងនេះ តែបែរជាលើកឡើងតាមបែបរអ៊ូរទាំ ចំពោះចំណាត់ការសំណុំរឿងខ្លះនៅកម្ពុជា ដែលតុលាការបានដំណើរការតាមនីតិវិធីច្បាប់របស់ខ្លួនយ៉ាងត្រឹមត្រូវ ដោយទើបប្រើពេលវេលា អស់ប្រមាណ៥-៦ឆ្នាំប៉ុណ្ណោះ ខណៈដែលជនជាប់ចោទ ក្នុងសំណុំរឿងខ្លះ មិនស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន រហូតដល់ជិត៣ទសវត្សដូចនៅអាមេរិកផង។

អ្នកនាំពាក្យដដែលរូបនោះបានបញ្ជាក់ថា វាពិតជារឿងចម្លែកមែន ដែលសម័យនេះហើយ មនុស្សនៅតែមិនមានកញ្ចក់ឆ្លុះមើលខ្លួនឯង ហើយបែរជាប្រកាន់គោលជំហរតាមបែបអ្វីដែលសុភាសិតខ្មែរ ហៅថា «គីង្គក់ លក់ថ្នាំស្រែង» ហើយមកបង្រៀនកម្ពុជា ដោយសូត្រទ្រឹស្តីថា «Justice delayed, Justice denied»