(សៀមរាប)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ អាជ្ញាធរខេត្តសៀមរាប បើកកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារ ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយអនាម័យខ្ពស់។

ពិធីនេះដែរក៏មានការចូលរួមពីឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ, លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងលោកអនុរដ្ឋលេខាធិកា លោក លោកស្រីជាប្រធាននាយកដ្ឋាន អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពមានការពាក់ព័ន្ធ និង មន្ត្រីរដ្ឋបាលក្រុង ស្រុកទាំង១២ និងអង្គការដៃគូរ ព្រមទាំងក្រុមប្រឹក្សាឃុំ និងសិក្ខាកាមជាច្រើនផងដែរ។

ថ្លែងក្នុងកិច្ចស្វាគមន៍របស់លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើក្នុងគោលបំណងដ៏សំខាន់ ក្នុងការរៀបចំនូវផែនការសកម្មភាព ដើមី្បសម្រេចការបញ្ចប់ការបន្ទោរបង់ ពាសវាលពាសកាល ក្នុងខេត្តសៀមរាប និងពង្រឹងឡើងវិញពីនីតិវិធីរបស់អាជ្ញាធរក្រុង ស្រុក ក្នុងការជម្រុញការលើកកម្ពស់អនាម័យជនបទ។ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព។

បន្ទាប់ពីការចំណាប់អារម្មណ៍របស់លោក យី គឹមថាន នាយករងអង្គការភ្លែងអន្តរជាតិរួចមក លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវធ្វើការពន្លឿន ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ឲ្យបានមុនឆ្នាំ២០២៥។

លោកក៏បានថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អក្នុងការចូលរួមគ្រប់សកម្មភាព នៃការអភិវឌ្ឍន៍ក្នុងខេត្ត និងស្នើសុំដល់ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការ ក៏ដូចជាដៃគូរអភិវឌ្ឍន៍នានា មេត្តាបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅតាមសហគមន៍ឲ្យបានគ្រប់ភូមិ ឃុំ ដើម្បីឈានសម្រេចឲ្យខានតែបានគោលដៅឆ្នាំ ២០២៣ អត្រាផ្គត់ផ្គង់ ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% ហើយជាពិសេសគឺ ទស្សនៈវិស័យនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

លោក អ៊ឹង គឹមលាង បានបន្តទៀតថា នៅទូទាំងខេត្តសៀមរាប មានស្រុកចំនួន៣ ដែលត្រូវបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ដោយមានការព្រួយបារម្ភចំពោះ ក្រុង ស្រុក ឃុំសង្កាត់ នៅជាប់បឹងទន្លេសាប លើការប្រើប្រាស់ទឹកស្អាត និង ការបន្ទោរបង់ពាសវាលពាសកាល នៅជាបញ្ហាប្រឈមនៅឡើយ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាល មានចំនួន៣ក្នុងខេត្តសៀមរាប ហើយឃុំសង្កាត់ នៃក្រុង ស្រុកចំនួន៦ មានភូមិសាស្ត្រជាប់បឹង ទន្លេសាប នៅតែជួបនិងបញ្ហាប្រឈមទៅលើអនាម័យ និងការប្រើប្រាស់ទឹកស្អាត។

លោកក៏បានឯកភាពនូវរាលការលើកឡើងរបស់អាជ្ញាធរខេត្ត ក្នុងការដល់មន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវធ្វើការពន្លឿន ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ឲ្យបានមុនឆ្នាំ២០២៥។ ដើមី្បសម្រេចបាននូវផែនការនេះ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក៏ដូចអង្គការដៃគូរ សហការធ្វើការផ្សព្វផ្សាយឲ្យចូលជ្រៅដល់ប្រជាពលរដ្ឋ អំពីអនាម័យ និងទឹកស្អាត ដើមី្បគិតដល់ពីសុខភាពរបស់បនរជាពលរដ្ឋ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្តថា ដោយកង្វះអនាម័យនេះ ធ្វើឲ្យប៉ះពាល់ដល់ សុខភាពបងប្អូន សំខាន់ចំពោះកុមារ ធ្វើឲ្យមានបញ្ហាក្នុងការលូតលាស់របស់កុមារ និងជម្ងឺក្រិនជាដើម។ ដោយកត្តានេះហើយប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់ការងារសុខភាព គឺជាកត្តាសំខាន់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលជាមុំមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការកែប្រែជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅតំបន់ ជនបទទៀតផង។ ក្នុងនោះដែរឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើង នៃមុំទាំង៤ របស់រាជរដ្ឋាភិបាល ដើមី្បឲ្យសម្រេចបាននូវប្រធានបទជាស្នូល ដែលបានលើកនៅក្នុងពេលនេះ ប៉ុន្តែឯកឧត្តមចង់ឲ្យអាជ្ញាធរខេត្តទេសចរណ៍ ដ៏ស្រស់មួយនេះ ក៏បានជម្រុញបន្ថែមទៀតដល់ថ្នាក់ក្រុង ស្រុក ដែលមិនទាន់បានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលនេះ ធ្វើការរៀបចំផែនការ និងចូលរួមប្រឡងប្រណាំងទាំងអស់គ្នា ដើម្បីខេត្តសៀមរាបទាំងមូលមានសោភ័ណភាព និងបរិស្ថានស្រស់ស្អាតបរិបូរណ៍ ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើង។

ជាមួយនេះដែរ លោកក៏បានលើកនូវសំណូមពរដល់អាជ្ញាធរក្រុង ស្រុកបន្តពង្រឹងពង្រីកនិងជម្រុញដល់ប្រជាពលរដ្ឋ ក្នុងអនុវត្តអនាម័យ ស្អាត នៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចខ្លួន សំដៅកែប្រែនូវសោភណ្ឌភាពបរិស្ថាន ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំង ចូលមកខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយសម្បត្តិវប្បធម៌ ធម្មជាតិ ប្រវត្ត្តិសាស្ត្រក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។ ម៉្យាងទៀតចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ការបន្ទោរបង់ពាសវាលពាសកាលត្រូវបានបញ្ចប់ និងប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានអនាម័យ ប្រកបដោយនិរន្តរភាពផងដែរ៕