(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ មូលនិធិជាតិជំនួយសង្គមសហការ ជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តតាកែវ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។

កិច្ចប្រជុំនះរៀបចំឡើងក្រោមការចូលរួមពីលោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម, លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ទទួលបន្ទុកប្រធាន គ.ក.ស.ក ខេត្ត ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង-ស្រុក ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ អ្នកកាន់កម្មវិធីឃុំ-សង្កាត់ សាខាវីង មន្រ្តីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រមាណ៣០០នាក់ នៅសាលប្រជុំរដ្ឋបាលខេត្ត(ច្រកចេញចូលតែមួយ)។

លោក ឈួរ សុបញ្ញា បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តតាកែវ ដែលបានផ្តល់កិច្ចសហការសម្របសម្រួល គាំទ្រ និងជម្រុញដល់ដំណើរការនៃការអនុវត្តកម្មវិធីជំនួយសង្គម កន្លងមក ក៏ដូចជាការប្រព្រឹត្តទៅនៅកម្មវិធី ដ៏មានសារៈសំខាន់ នាពេលនេះ និងសូមថ្លែងអំណរគុណ ចំពោះក្រុមការងារបច្ចេកទេស មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ និងមន្រ្តីទទួលបន្ទុកអនុវត្តកម្មវិធី ដែលបាននឹងកំពុងអនុវត្តក្របខណ្ឌការងារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដែលនេះស្តែងបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

លោកបានបន្ដថា កិច្ចប្រជុំថ្ងៃនេះរៀបចំឡើង ក្នុងគោលបំណង ឆ្លុះបញ្ចាំងពីវឌ្ឍភាពការងារកម្មវិធីឧបត្ថម្ភសាច់ប្រាក់រយៈពេល ១២ខែ ក្នុងឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ហើយក៏មានការចែករំលែកបទពិសោធន៏ បញ្ហាប្រឈមនានា និងដំណោះស្រាយ នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់កន្លងមក ឆ្លងតាមបទបង្ហាញ និងកិច្ចពិភាក្សា ដែលនឹងចាប់ផ្តើមនាពេលបន្តិចទៀត។

លោកបានបញ្ជាក់ថា ក្នុងនាមជាប្រត្តិបត្តិករនៃវិស័យជំនួយសង្គម មូលនិធិជាតិជំនួយសង្គមមានចក្ខុវិស័យ និងបេសកកម្មវែងឆ្ងាយ ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល។ ការកសាងប្រព័ន្ឋគាំពារសង្គមមួយ ដែលមានភាពធនពិតជាបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិយ៉ាងពិតប្រាកដ។

ការវិនិយោគលើវិស័យជំនួយសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជាលើជនរងគ្រោះ និងជនងាយរងគ្រោះពិតជាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងបានផ្តល់នូវភាពធនយ៉ាងពិតប្រាកដដល់ក្រុមងាយរងគ្រោះ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនានា។

លោកបានបន្ដថា មូលនិធិជាតិជំនួយសង្គមនាពេលបច្ចុប្បន្នបានគ្រប់គ្រង និងអនុវត្តនូវកម្មវិធីជំនួយសង្គមដូចជា៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្មវិធីទាំងពីរនេះពិតជាទទួលបានការសាទរ និងវាយតម្លៃខ្ពស់។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ បានលើកកម្ពស់សុខុមាលភាពមាតា និងទារក បានរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងកូនក្នុងផ្ទៃរហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។

ដោយឡែកកម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ប្រជាជនក្រីក្រ ស្រ្តី មនុស្សវ័យចាស់ កុមារ ជនមានពិការភាព អ្នកផ្ទុកមេរោគអេសដ៍ បានបង្កើតប្រព័ន្ធគាំពារ សង្គមមួយមានប្រសិទ្ឋភាព និងចេរភាពហិរញ្ញវត្ថុ ដើម្បីរក្សាលម្លឹងសេដ្ឋកិច្ចគ្រួសារសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ (៣១លើក) ចំណាយថវិការដ្ឋសរុបអស់ ៩៣១.៧១លានដុល្លារ៕