(ភ្នំពេញ)៖ លោក ម៉ៅ ធនិន អភិបាលខេត្ដកំពត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា ខេត្តកំពតកំពុងដំណើរការស្ថាបនា នូវកំពង់ផែកម្រិតអន្តរជាតិ ដែលមានសមត្ថភាពអាចឲ្យនាវាផ្ទុកជំទិញរហូតដល់ ១៥ម៉ឺនតោនចូលចតបាន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស លោក ម៉ៅ ធនិន អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពត» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក ម៉ៅ ធនិន បានបញ្ជាក់យ៉ាងដូច្នេះថា «កំពង់ផែនេះ គឺជាកំពង់ផែមួយ ដែលពាក់ព័ន្ធជាមួយនឹងការកសាងឡើងដោយរាជរដ្ឋាភិបាល ដែលឲ្យក្រុមហ៊ុនរៀបចំ មានកម្រិតទទួលនៃការផ្ទុកនិងការដឹកជញ្ជូនចូលចតកម្រិតនាវាផ្ទុកទំនិញ ១៥ម៉ឺនតោន»

លោកបានឲ្យដឹងទៀតថា កំពង់ផែនេះបានបើកការដ្ឋានក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងដែនី នគរូបនីយកម្ម និងសំណង់តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ។

លោកគិតថា កំពង់ផែនេះក្រោយពេលដែលសាងសង់រួច គឺជាកំពង់ផែដែលមានចំណុះធំ សម្រាប់ប្រទេសកម្ពុជា ដែលមានសក្ដានុពល ជំរុញឲ្យខេត្តកំពត កាន់តែមានការអភិវឌ្ឍ ហើយជីវភាព និង GDP បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពត ក៏កាន់តែខ្ពស់។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា GDP នៅខេត្ដកំពត ស្មើនឹងម្នាក់ ១,៨១៥ដុល្លារ ហើយស្ថានភាពជីវភាព ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត គឺស្ថានភាពជីវភាពមាន៣៖ តំបន់ភ្នំ, ទំនាបកណ្ដាល និងតំបន់ឆ្នេរ។

លោកបានឲ្យដឹងទៀតថា នៅពេលដែលស្ថាបនារួច ខេត្តកំពតនឹងកាន់តែផុលផុសដោយសកម្មភាពសេដ្ឋកិច្ច ហើយនឹងមានការអភិវឌ្ឍជាងបច្ចុប្បន្ន ខណៈនៅពេលនេះក្រុមហ៊ុនកំពុងតែជំរុញនូវការចាក់ដី ដើម្បីរៀបចំបាតគ្រឹះ ទៅតាមលក្ខណៈបច្ចេកទេស។

សូមបញ្ជាក់ថា កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយ នៅក្នុងខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ជាមួយទុនវិនិយោគដ៏សន្ធឹកសន្ធាប់ ១,៥០០លានដុល្លារអាមេរិក។ កំពង់ផែកម្រិតអន្តរជាតិ ដែលមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតានេះ ត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។

កំពង់ផែនេះត្រូវបានគេប្រសិទ្ធនាមថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» ត្រូវបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត៕