(កោះកុង)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាមមួយចំនួន ត្រូវបានប្រមូលកម្ទេចចោល និងបានរំដោះផ្ទៃដីចំនួន ៦៩៦,០៣៥ម៉ែត្រក្រឡា ស្មើនឹង ៦១ភាគរយ នៅក្នុងភូមិសាស្ត្រឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ប្រតិបត្តិការនេះធ្វើឡើងកម្លាំងជំនាញបោសសម្អាតគ្រាប់មីន និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់សកម្មភាពមីន ក្រោមប្រធានបទ «ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» និងឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ជាក់ស្តែងនៅក្នុងភូមិសាស្ត្រឃុំកោះស្តេច ស្រុកគិរីសាគរ បានក្លាយជាសមិទ្ធផលថ្មីមួយទៀត ដោយមានការសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមីនកម្ពុជា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដោយបានប្រតិបត្តិការអនុវត្តជំហានទី២ នៃដែនការរំកិល ដោយសម្រេចបានលទ្ធផលជាច្រើនផងដែរលើប្រតិបត្តិការបោសម្អាតមីន។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងបោសសម្អាតមីន​ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រឃុំកោះស្តេច ព្រមទាំងកម្ទេចគ្រាប់មីនប្រឆាំងថ្មើរជើងចំនួន៧គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤៨គ្រាប់ និងអំបែង១៩២ដុំផងដែរ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានក្រើនរំឮកដល់កងកម្លាំងបោសម្អាតគ្រាប់មីន នៅមូលដ្ឋានក្នុងភូមិសាស្ត្រកោះស្តេច ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងអនុវត្តឱ្យបានល្អចំពោះភារកិច្ចទៅតាមស្តង់ដារបច្ចេកទេស និងមិនត្រូវមើលស្រាលជាដាច់ខាតចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដាច់ខាត។ «ព្រោះគ្រាប់មីនអាចធ្វើឱ្យយើង ១វិនាទីរស់ ១វិនាទីស្លាប់ និង ១វិនាទីអាចសុវត្ថិភាព»

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ជូនដល់កងកម្លាំងដែលកំពុងបំពេញប្រតិបត្តិការនៅការដ្ឋានកោះស្តេច និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះផងដែរ។

បើតាមឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅការដ្ឋានបោសសម្អាតគ្រាប់មីន ក្នុងភូមិសាស្ត្រកោះស្តេច នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈថា៖ «សម្រាប់ប្រតិបត្តិការនេះ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយបានរំដោះផ្ទៃដី ពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៦៩៦,០៣៥ម៉ែត្រក្រឡា ស្មើនឹង ៦១ភាគរយ»

ឧត្តមសេនីយ៍ទោ សែម រតនា បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញគ្រាប់មីនប្រឆាំងថ្មើរជើងចំនួន៧គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤៨គ្រាប់ និងអំបែង១៩២ដុំផងដែរ។ ដោយឡែកសម្រាប់ផ្ទៃដីនៅសេសល់ចំនួន ៤៤៣,៦០១ម៉ែត្រក្រឡា គ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២៣ តាមផែនការកំណត់។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនប្រជាពលរដ្ឋនៅឃុំកោះស្តេច ជិត៣០០គ្រួសារផងដែរ៕