(ភ្នំពេញ)៖ លោក ម៉ៅ ធនិន បច្ចុប្បន្នជាអភិបាលខេត្តកំពត ត្រូវបានប្រជាពលរដ្ឋទទួលស្គាល់ថាជាថ្នាក់ដឹកនាំខេត្តមួយ ដែលមានភាពប៉ិនប្រសព្វក្នុងការដោះស្រាយវិវាទផ្សេងៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រៅប្រព័ន្ធតុលាការ។ ភាពស្ញើចសរសើរនេះ គឺតាំងតែពីលោកនៅកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់មកម្ល៉េះ ហើយបន្ដដល់ខេត្តកំពតនាពេលបច្ចុប្បន្ននេះ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពត» នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ម៉ៅ ធនិន បានចែករំលែកនូវបទពិសោធន៍ និងយន្ដការមួយចំនួន ដែលជាប្រទីបបំភ្លឺផ្លូវក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ។ លោកបន្ដថា វិវាទដែលតែងកើតនៅមូលដ្ឋាន ភាគច្រើនជារឿងដីធ្លីតូចតាចក្នុងគ្រួសារ ឬអ្នកដែលរស់នៅភូមិផងរបងជាមួយគ្នា។

យន្ដការមួយដែលលោកគិតថា ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺការសុំបញ្ជ្រាបខ្លួនឯងប្រៀបដូចជាសមាជិកគ្រួសារៗរបស់ប្រជាពលរដ្ឋ ដោយចាត់ទុកជាកូន ជាបង ជាប្អូនជាដើម ដែលធ្វើឲ្យលោកមានឱកាសកាន់តែច្រើន ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងនៅតាមគ្រួសាររបស់ប្រជាពលរដ្ឋ ពិសេសនៅពេលមានវិវាទកើតឡើង។

លោក ម៉ៅ ធនិន បានបន្ដទៀតថា នៅពេលលោកចូលមកកាន់តំណែងជាអភិបាលខេត្តកំពតនោះ ការងារដំបូងដែលលោកត្រូវសិក្សាស្វែងយល់ គឺជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ ហើយឲ្យប្រជាពលរដ្ឋចាត់ទុកលោកជាសមាជិកគ្រួសាររបស់ពួកគាត់ដែរ។ លោកថា តួនាទីអភិបាលខេត្ត គ្រាន់តែជានាមប៉ុណ្ណោះ ប៉ុន្ដែឋាននុក្រមគ្រួសារ ជារឿងមួយដ៏សំខាន់។

អភិបាលខេត្តកំពត បានថ្លែងយ៉ាងដូច្នេះថា «នៅកំពតមានប្រជាពលរដ្ឋ១៧ម៉ឺនគ្រួសារ ខ្ញុំសុំពួកលោកឲ្យបញ្ចូលខ្ញុំម្នាក់ទៀត ជាសមាជិកគ្រួសារបន្ថែមគ្រប់គ្រួសារ ក្នុងនាមជាកូន ជាប្អូន ជាបង ជាឪពុក ជាចៅ នៅគ្រប់ក្រុមគ្រួសារគ្រាន់តែមានតួនាទីជាអភិបាលខេត្តប៉ុណ្ណោះ នេះជាលទ្ធភាពមួយរួមចំណែកក្នុងការដោះស្រាយ [...] ខ្ញុំចង់បញ្ជាក់ថា ឋាននុក្រមគ្រួសារ មានលទ្ធភាពអាចចូលរួមចំណែកជាមួយយន្ដការនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការ»

ជាលទ្ធផលសម្រាប់ខេត្តកំពត ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ គិតចាប់ពីថ្ងៃទី១៨ តុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោកអភិបាលខេត្ត និងរដ្ឋបាលក្រុង-ស្រុក បានសម្របសម្រួលដោះស្រាយបញ្ហាបណ្ដឹង និងសំណូមពរផ្សេងៗ ជូនប្រជាពលរដ្ឋបានចំនួនសរុប១,១៥៨ករណី បានឧបត្ថម្ភថវិកា និងអង្ករជូនពលរដ្ឋក្រីក្របានចំនួន១៥,៧៨០នាក់ ស្មើនឹង១,៥៧៨គ្រួសារ។

រឿងមួយទៀតដែលលោកគិតថា ក៏ជាផ្នែកមួយសំខាន់នោះ គឺប្រជាពលរដ្ឋត្រូវមានជំនឿ ទំនុកចិត្ត និងភាពកក់ក្ដៅមកលើអាជ្ញាធរថា ពិតជាមានតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។ លោកបន្ដទៀតថា នៅពេលទៅដោះស្រាយទំនាស់ លោកក៏នាំទៅជាមួយនូវមន្ដ្រីជំនាញតាំងពីថ្នាក់ខេត្ត ដល់ថ្នាក់មូលដ្ឋាន បូកជាមួយសាក្សីរស់ ទើបមានភាពច្បាស់លាស់ក្នុងការដោះស្រាយ។

ព្រមពេលជាមួយនឹងការចែករំលែកបទពិសោធន៍នេះ លោក ម៉ៅ ធនិន ក៏បានបង្ហាញនូវការអស់សំណើចចំពោះការប្រៀបធៀបការដោះស្រាយវិវាទរបស់លោកនាពេលកន្លងមក ទៅនឹងរឿងចិន។ លោកគូសបញ្ជាក់ថា ការដោះស្រាយនេះមិនដូចរឿងចិនឡើយ ពោលរឿងចិនគេសម្ដែងកំណត់តួ ឬកំណត់លទ្ធផលចុងក្រោយនៃរឿង ខណៈអ្វីដែលលោកដោះស្រាយនេះ គឺប្រជាពលរដ្ឋឈ្លោះគ្នាពិតប្រាកដ ដើរទល់ខ្នងគ្នា ហើយត្រូវលោកចាប់ឲ្យបែរមុខដាក់គ្នា ស្រុះស្រួលគ្នាបញ្ចប់រឿង៕