(បាត់ដំបង)៖ លោក សុខ លូ អភិបាល ខេត្តបាត់ដំបង និងគណៈប្រតិភូខេត្តច័ន្ទបុរី ដឹកនាំដោយលោក មន្តសិទ្ធី ផៃសានធនវ័ត្ត អភិបាលខេត្តចន្ទបុរី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរ (បាត់ដំបង-ច័ន្ទបុរី)។

ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងអំណរគុណចំពោះវត្តមានលោក មន្តសិទ្ធិ ផៃសានធនវត្ត ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ ដឹកនាំគណៈប្រតិភូអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី នៅលើទឹកដីខេត្តបាត់ដំបង។

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការងាររួមគ្នា ក្នុងការបង្កើនការយោគយល់គ្នា និងមិត្តភាពរវាងខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ដែលបានជួយដល់កំណើនសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែនខេត្តជាប់ព្រំប្រទល់គ្នា។

លោកថា ចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជនកម្ពុជា-ថៃ គឺជាចំណងមិត្តភាពប្រពៃណីដ៏ល្អ ហើយតាមរយៈនេះ ខេត្តបាត់ដំបង និងបណ្តាខេត្ត ដែលជាប់ព្រំដែនជាមួយគ្នា បានជំរុញកិច្ចសហប្រតិបត្តិការគ្នា លើគ្រប់វិស័យ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុស្សរណៈយោគយល់គ្នារបស់ភាគីទាំងពីរ និងស្របទៅតាមគោលបំណងរួម ដែលភាគីទាំងពីរ បានឯកភាពគ្នាកន្លងមក។

លោក សុខ លូ បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ទំហំនៃការដោះដូរទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែនទាំង៣ ដែលនៅជាប់ព្រំដែនខេត្តច័ន្ទបុរីមាន៖
១៖ ទំនិញនាំចេញទៅថៃ រួមមាន៖
* ម្សៅដំឡូងមី ៩៣,២៨២,៨២៦តោន ពោតក្រហម ៥៧,៥៥៣,៦៤៤ តោន, ស្រូវ ៥,៥៦០តោន
* ផ្លែមៀន៨៣៩ តោន, ស្វាយ ២,៥៤០ តោន និងផលិតផលធ្វើពីក្រដាស ៤១៨,០១៦ តោន។
២៖ ទំនិញនាំចូលកម្ពុជារួមមាន៖ រថយន្ត, សំភារ គ្រឿងសំណង់, ជីរ ថ្នាំកសិកម្ម ភេសជ្ជៈ ស្រាបៀរ ទឹកបរិសុទ្ធ, គ្រឿងឧបភោគ បរិភោគ,បន្លែផ្លែឈើ, គ្រឿងអេឡិចត្រូនិក, ផលិតផលវាយយនភណ្ឌ, និងបន្លាស់គ្រឿងរថយន្ត -ល-។
៣៖ អ្នកដំណើរឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែនជាប់ខេត្តច័ន្ទបុរី៖
* អ្នកដំណើរឆ្លងកាត់ចូលមកកម្ពុជា៖ ២១៨,៨២៧នាក់
* អ្នកដំណើរឆ្លងកាត់ចេញទៅថៃ៖ ២៤១,៥៣០នាក់

កិច្ចជំនួបរវាងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ក្នុងពេលនេះ ពិតជាមានសារៈសំខាន់ ដែលភាគីខេត្តទាំងពីរ ធ្លាប់ជួបពិភាក្សាការងារកន្លងមក ប៉ុន្តែដោយស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យកិច្ចពិភាក្សាការងាររវាងភាគីទាំងពីរ ខកខានមិនសូវបានជួបប្រជុំគ្នា។

ទោះបីយ៉ាងនេះក្តី កិច្ចការទំនាក់ទំនងរវាងខេត្តទាំងពីរ នៅតែសហការជាមួយគ្នា បង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនងការងារកាន់តែល្អជិតស្និទ្ធ ជំរុញឲ្យមានការអភិវឌ្ឍរីកចំរើន ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងអត្ថប្រយោជន៍រួមគ្នា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងតាមលក្ខខណ្ឌច្បាប់លិខិតបទដ្ឋាន របស់ប្រទេសនៃភាគីទាំងពីរ៕