(កណ្តាល)៖ អ្នករត់ម៉ូតូកង់បី និងរត់ម៉ូតូឌុប ៥០នាក់ និងនិស្សិតអាហាររូបករណ៍ចំនួន១៤នាក់ ដែលជាកូនរបស់អ្នករត់កង់៣ ដែលបានចូលរួមបរិច្ចាគឈាមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្ដាល ចំថ្ងៃនៃក្ដីស្រលាញ់១៤ កុម្ភៈ ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល ​និងនាំយកអំណោយចែកជូន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ជាមួយនឹងការបង្រៀនពីរបៀបចូលគ្រុប Telegram របស់សម្ដេចតេជោហ៊ុន សែន ផងដែរ។

ក្នុងឱកាសចុះចែកអំណោយនោះលោក គង់ សោភ័ណ្ឌ ក៏បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ។

លោក គង់ សោភ័ណ្ឌ ក៏បានបញ្ជាក់ជូនដល់អ្នករត់ម៉ូតូកង់បី និងម៉ូតូឌុបទាំងអស់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ ហ៊ុន សែន និងនយោបាយ ឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស កត្តាសន្តិភាពនេះហើយដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ បានជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនាមានភាពងាយស្រួលក្នុងការប្រកបមុខរបរប្រចាំថ្ងៃ មានជីវភាពធូរធារ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ភាពរីកចំរើន និងការអភិវឌ្ឍទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។

ឆ្លៀតក្នុងឱកាសនេះលោកអភិបាលខេត្តក៏បានជួយភ្ជាប់ Join Chanel Telegram របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យទទួលបានព័ត៌មាន និងសកម្មភាពការងារផ្សេងៗ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដល់អ្នករត់ម៉ូតូកង់បីទាំងអស់ផងដែរ។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះលោកអភិបាលខេត្ត បានឧបត្ថម្ភដល់ប្រកបរបររត់ម៉ូតូកង់បី និងរត់ម៉ូតូឌុបទាំង ៦៤នាក់ ក្នុង១នាក់ ទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១កេស និងថវិកា ៥ម៉ឺនរៀល៕