(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺជុំវិញករណី មន្ត្រីពន្ធដារ និងសមត្ថកិច្ចខេត្តស្វាយរៀង ចុះត្រួតពិនិត្យពន្ធផ្លូវលើម្ចាស់រថយន្តកែច្នៃក្នុងស្រុក បន្ទាប់ពីមានការផ្សព្វផ្សាយ តាមបណ្តាញសង្គម Facebook រិះគន់លើចំណាត់ការនេះ។

សេចក្តីបំភ្លឺរបស់ពន្ធដារបានឲ្យដឹងថា​ នាពេលថ្មីៗនេះ មានគណនីបណ្តាញសង្គមហ្វេសប៊ុក (Facebook) បានផ្សព្វផ្សាយរូបភាព នៃការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ របស់សាខាពន្ធដារខេត្តស្វាយរៀង ដោយបានលើកឡើងថា «(ស្វាយរៀង) ភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្លែកទៀតហើយ មន្ត្រីពន្ធដារនិងប៉ូលីសចរាចរណ៍ចុះទៅសួរសុខទុក្ខបងប្អូនតាមវាលស្រែ ក្នុងគោយន្តមួយគ្រឿងត្រូវផាកពិន័យ ២០០ ០០០ រៀល»។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ក្នុងគោលដៅធានាបាននូវការគ្រប់គ្រងប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសដើម្បីធានាបាននូវសមធម៌ និងតម្លាភាពនៃការបំពេញកាតព្វកិច្ចពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២ ស្របតាមសេចក្តីជូនដំណឹងលេខ ៣១១០៨ អពដ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ។

សូមគូសបញ្ជាក់ថា យោងតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ម្ចាស់យានយន្ត រួមទាំងម្ចាស់រថយន្តកែច្នៃក្នុងស្រុក ត្រូវមានកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ។ បន្ថែមពីនេះ ឧបសម្ព័ន្ធ I ចំណុច ខ នៃប្រកាសនេះ ក៏បានកំណត់ថា រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បី (បំពាក់ដោយម៉ាស៊ីនរថយន្ត) ត្រូវកំណត់ជារថយន្តដឹកទំនិញដល់ ៣តោន ដែលត្រូវបង់ពន្ធចំនួន ២០០ ០០០ រៀល ក្នុង១ឆ្នាំ ក្នុង១គ្រឿង។

អគ្គនាយកដ្ឋានពន្ធដារបន្ថែថា «ចំពោះការលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុក (Facebook) ខាងលើ អគ្គនាយកដ្ឋានពន្ធដារ សូមបំភ្លឺថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារចម្រុះចុះត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ដឹកនាំដោយសាខាពន្ធដារខេត្តស្វាយរៀង បានចុះត្រួតពិនិត្យតាមដងផ្លូវនៅជិតទីតាំង ដែលរថយន្តកែច្នៃនោះកំពុងចរាចរ និងប្រកបសកម្មភាពអាជីវកម្មដឹកដី ហើយបានពិនិត្យឃើញថា ម្ចាស់រថយន្តកែច្នៃទាំងនោះ ពុំទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅទ្បើយ ទើបកម្លាំងចម្រុះធ្វើការណែនាំ និងអញ្ជើញម្ចាស់រថយន្តកែច្នៃទាំងនោះ មកបំពេញកាតព្វកិច្ចបង់ពន្ធនៅគោលដៅកំណត់»

អគ្គនាយកដ្ឋានពន្ធដារ សូមបញ្ជាក់ថា ការអនុវត្តភារកិច្ចរបស់មន្រ្តីពន្ធដារ គឺត្រូវអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន ក្នុងករណីមន្ត្រីពន្ធដាររូបណាអនុវត្តខុសពីច្បាប់ និងបទប្បញ្ញត្តិជាធរមាននឹងត្រូវទទួលរងពិន័យ ឬទោសទណ្ឌតាមច្បាប់។ ហេតុនេះ សូមសារព័ត៌មាន និងសាធារណជនទាំងអស់មេត្តាជ្រាប និងចូលរួមសហការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមានឱ្យបានខ្ជាប់ខ្ជួន។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏សូមជំរុញដល់ម្ចាស់យានយន្ត ដែលខកខានមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ សូមមេត្តារួសរាន់មកបំពេញកាតព្វកិច្ចបង់ពន្ធនេះ ឱ្យបានត្រឹមត្រូវ៕