(ភ្នំពេញ)៖ លោក Cliff Moffatt ជនជាតិអាមេរិកម្នាក់ ដែលមានប្រពន្ធខ្មែរ បានបង្ហាញការគាំទ្រចំពោះការបិទវិទ្យុសំលេងប្រជាធិបតេយ្យ (VOD) ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយលោកថា ការបិទនេះជារឿងត្រឹមត្រូវ។ ក្នុងបទសម្ភាសមួយ ជនជាតិអាមេរិករូបនេះ ក៏បានលើកឡើងផងដែរថា VOD រាយការណ៍ព័ត៌មានពីជ្រុងតែម្ខាងប៉ុណ្ណោះ។

លោក Cliff Moffatt បានបញ្ជាក់ថា «ពួកគេចូលមក ហើយរាយការណ៍ព័ត៌មានតែម្ខាង [...] ហើយពួកគេមានបំណងចង់ប្រើប្រាស់ ឥទ្ធិពលមិនត្រឹមត្រូវតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ក្រោយពេលដែលប្រទេសនេះបានសង្គ្រោះប្រទេសដោយខ្លួនឯងរួចទៅហើយ និងត្រូវបានសង្គ្រោះដោយប្រទេសវៀតណាម។ ពួកគេអាចនិយាយអ្វីក៏បានអំពីនាយករដ្ឋមន្ត្រី ដូច្នេះនាយករដ្ឋមន្ត្រីគួរតែអាចបិទវិទ្យុនេះចោល។ មិនចឹង? គ្មាននរណាម្នាក់មានឥទ្ធិពលបែបនេះឡើយ។ មើល៍! តើកម្ពុជាមានបានព្យាយាមប្រើឥទ្ធិពលលើអ្នកនយោបាយអឺរ៉ុប ឬអាមេរិកដែរឬទេ? អត់ទេ។ ដូច្នេះ យើងមិនគួរធ្វើដូច្នេះនោះទេ»

ជនជាតិអាមេរិកដដែល បានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន ហើយកម្ពុជាកំពុងធ្វើដំណើរក្នុងទិសដៅផ្លូវដ៏ត្រឹមត្រូវ។ ប្រជាជនកាន់តែមានទ្រព្យសម្បត្តិជាងមុន កាន់តែទទួលបានការអប់រំច្រើនជាងមុន និងសុខភាពប្រសើរជាងមុន។

លោក Cliff Moffatt បន្តថា «បើក្រឡេកមើលរឿង GDP ក្រឡេកមើល GDP អាមេរិក ក្រឡេកមើល GDP អឺរ៉ុប។ អាស៉ីអាគ្នេយ៍ ជាពិសេសកម្ពុជា GDP មានការកើនឡើងខ្លាំង កើនឡើងជាងប្រទេសចិនទៅទៀតនាពេលបច្ចុប្បន្ន។ នេះរឿងមួយ ខ្ញុំទៅលេងកម្ពុជាញឹកញាប់ ប្រពន្ធរបស់ខ្ញុំជាជនជាតិកម្ពុជា។ វិស័យសុខាភិបាលមានភាពប្រសើរឡើង វិស័យអប់រំកាន់តែល្អប្រសើរ។ នៅពេលដែលយើងទៅកម្ពុជាលើកដំបូង មន្ទីរពេទ្យមានចំនួនតិច ប៉ុន្តែនៅពេលនេះ មន្ទីរពេទ្យ គ្លីនិក មានគ្រប់ទីកន្លែង ហើយប្រទេសកម្ពុជាកំពុងធ្វើដំណើរក្នុងទិសដៅផ្លូវដ៏ត្រឹមត្រូវ។ ប្រជាជនកាន់តែមានទ្រព្យសម្បត្តិជាងមុន កាន់តែទទួលបានការអប់រំច្រើនជាងមុន និងសុខភាពប្រសើរជាងមុន»

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។

ការសម្រេចបិទនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសម្តេចបានទទួលលិខិតបំភ្លឺមួយពី VOD ដែលសម្តេចចាត់ទុកថា មិនអាចទទួលយកបាន ហើយមិនមែនជាលិខិតសុំទោស៕