(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ស្ដ្រីនិងបុរស ក្នុងវ័យបន្ដពូជ ត្រូវមានការយល់ពីបញ្ហាសុខភាពដូចគ្នា ដើម្បីធានាបានសុខភាពល្អ និងចៀសវាងបញ្ហា ឬឆ្លងរោគផ្សេងៗ។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកទិវាជាតិសុខភាពមាតា និងទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០» នាសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការ WHO ប្រចាំកម្ពុជា, លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ប្រចាំកម្ពុជា, លោកវេជ្ជបណ្ឌិត John M. Eyres តំណាងអង្គការ USAID អង្គការដៃគូមួយចំនួនទៀត និងសិស្សនិស្សិតឆ្មបជាច្រើនរូបទៀតទាំងចូលរួមផ្ទាល់ និងតាមរយៈ ZOOM។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ដើម្បីឱ្យទារកក្នុងផ្ទៃ និងកើតមកមានសុខភាពល្អ លុះត្រាតែឪពុកម្ដាយរបស់គេមានសុខភាពល្អព្រមគ្នា ដូច្នេះបុរស និងស្ដ្រី ពិតជាសំខាន់ណាស់ ក្នុងការយល់ដឹងពីសុខភាពបន្ដពូជ​។ ជាក់ស្ដែងមេរោគអេដស៍ ប្ដីជាអ្នកចម្លងមកប្រពន្ធ ទើបទារកក្នុងផ្ទៃអាចឆ្លងពីម្ដាយ។ ហេតុនេះយើងត្រូវរួមគ្នា បន្ដអប់រំផ្សព្វផ្សាយបញ្ហាខាងលើនេះ ដល់យុវវ័យ យុវនារី ​ឬបុរស និងស្ដ្រី ក្នុងវ័យបន្ដពូជមានការយល់ដឹងបន្ថែម»។

លោករដ្ឋមន្ដ្រីសូមគាំទ្រទាំងស្រុង នូវការអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសូមឱ្យរួបរួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

ខាងក្រោមនេះជាសារអំពាវនាវ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ជូនដល់ប្រជាពលរដ្ឋ៖

១៖ សូមស្រ្តីមានផ្ទៃពោះទាំងអស់៖

* ទៅពិនិត្យសុខភាព និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់ ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្តាយទៅកូន។

* ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

* ទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពនិងការលូតលាស់របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។

* បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

* ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងទៀត និងយកទារក/កុមារតូចទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ ប្រសិនបើទារក/កុមារតូច មានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ។

* សូមជ្រើសរើសការពន្យារកំណើត ដើម្បីសុខភាពរបស់ម្តាយ និងទារក។

២៖ សូមយុវតី ឬស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាពទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ពីក្រសួងសុខាភិបាល ដើម្បីជៀសវាងគ្រោះថ្នាក់ និងពិការភាព។

៣៖ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល និងអ្នកផ្តល់សេវាទាំងអស់ចូលរួមគាំទ្រ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់។

៤៖ សូមគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តវិនិយោគក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រ ដល់ការងារបណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិកសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រីបានប្រកាសគាំទ្រ និងវិនិយោគបន្ថែមទៀតរួមមាន គោលនយោបាយលើការពង្រឹងគុណភាព និងវិសាលនៃសេវាថែទាំសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីសម្រេចបាននូវគោលដៅរួមនៃរបៀបវារៈសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) ជាពិសេសលទ្ធផលវិជ្ជមានចំនួន៣ រួមមាន៖ បញ្ចប់មរណភាពមាតាដែលអាចការពារបាន បញ្ចប់ការមានផ្ទៃពោះមិនតាមប្រាថ្នា និងបញ្ចប់អំពើហិង្សាលើស្ត្រី៕