(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន ០២ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រឹបអូសថ្នាំញៀនជិត ៤គីឡូក្រាម។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្តមសេនីយ៍ទោ ហៀប ដារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាប២ករណី៖

ករណីទី១៖ បង្ក្រាបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១១៖៣០នាទី ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងរាជធានីភ្នំពេញ នៅចំណុច មុខផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានទី១ ឈ្មោះ ចម តារារឿន ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩៩, ឈ្មោះ ពៅ សាលី ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ១៩៩៣ និងទី៣ ឈ្មោះ ឃិន សារ៉ាត ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៧៣ ចាប់បានវត្ថុតាងមេតំហ្វេតាមីន (ICE) ១,៩៧៥.២៤ក្រាម។

ករណីទី២៖ បង្ក្រាបថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២៖ ៣០នាទី ដោយកម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) បានធ្វើការត្រួតពិនិត្យលើវ៉ាលី អ្នកដំណើរសង្ស័យម្នាក់ បំរុងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង តាមរយៈជើងហោះហើរ ដែលមានលាក់បង្កប់នៅបាតវ៉ាលីសារធាតុញៀន នៅ ប្រភេទមេតំហ្វេតាមីន ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ MAO JEN CHE ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ជាមួយនឹងសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១,៩៤១.៩៣ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕