(កំពង់ចាម)៖ លោកអនុសេនីយ៍ឯក ជរ ពិសិដ្ឋ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម, ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និងអភិបាលក្រុងកំពង់ចាមផងដែរ។

ពិធីនេះ ក៏មានការចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានស្រុក ស្នាក់ការសន្តិសុខ អភិបាលរងក្រុង នាយករដ្ឋបាលក្រុង អធិការនគរបាលក្រុង មេបញ្ជាការផ្នែកសឹករងក្រុង ចៅសង្កាត់ មេបុស្តិ៍ ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានផ្ដាំផ្ញើដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ដែលទើប្រកាសចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារ ពិសេសការរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព និងបន្ដកិច្ចសហការល្អជាមួយបណ្ដាស្ថាប័ន អង្គភាពដែលមានការពាក់ព័ន្ធ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានដាក់បទបញ្ជាឲ្យកងកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវបន្ដពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។

លើសពីនេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្ដខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលអាច និងកើតមានក្នុងមូលដ្ឋានខេត្តកំពង់ចាម ដើម្បីបន្ដរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកមេបញ្ជាការក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម សម្រេចបាននាពេលកន្លងមក ប៉ុន្ដែលោកបានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងបន្ដកិច្ចសហការល្អជាមួយស្ថាប័នដទៃ ដើម្បីប្រសិទ្ធភាពការងារបន្ដទៀត៕