(ព្រះវិហារ)៖ ក្រសួងបរិស្ថាន បានប្រគល់ សម្ភារ ថវិកាមួយចំនួន ជូនសហគមន៍ការពារធនធានធម្មជាតិចំនួន៣ នៅស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ សម្រាប់បម្រើឱ្យការងារការពារធនធានធម្មជាតិ នៅតាមសហគមន៍ទាំង៣ មានភាពងាយស្រួលថែមទៀត។

ពិធីប្រគល់ ទទួល សម្ភារ និងថវិកា ដែលជាអំណោយរបស់ក្រសួងបរិស្ថាននាពេលនេះ ស្ថិតក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សហគមន៍ទាំង៣ ជាច្រើនរូបផងដែរ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។

សូមបញ្ជាក់ថា សហគមន៍ដែលទទួលបានសម្ភារប្រើ​ប្រាស់ និងថវិកា ពីក្រសួងបរិស្ថានរួមមាន

* ទី១៖ សហគមន៍តំបន់ការពារធម្មជាតិពោធិ៍ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ទទួលបានគោយន្ដកន្រ្តៃ រ៉ឺម៉ក ១ឈុត និងអាគុយស្ងូត ១គ្រឿង

* ទី២៖ សហគមន៍តំបន់ការពារធម្មជាតិម្លូព្រៃកឹប ស្ថិតនៅឃុំម្លូព្រៃមួយ ស្រុកឆែប ទទួលបានគោយន្ដកន្រ្តៃ រ៉ឺម៉ក ១ឈុត និងអាយកូម ចំនួន៦គ្រឿង

* និងទី៣៖ សហគមន៍កសិកម្មរំដួលម្លូព្រៃជាយដែន ស្ថិតនៅក្នុងឃុំម្លូព្រៃមួយ ស្រុកឆែប ទទួលបានថវិកា សម្រាប់សាងសង់ស្នាក់ការសហគមន៍ ចំនួន ១៥,៧៤៩៩៩០ រៀល។

លោក សុខ សាន្តតារ៉ា​ បានថ្លែងបញ្ជាក់ថា ការផ្តល់សម្ភារៈប្រើប្រាស់ និងថវិកា នៅពេលនេះ គឺសម្រាប់ជាប្រយោជន៍សហគមន៍ ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់គិតគូខ្ពស់ពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាសហគមន៍ នៅក្នុងមូលដ្ឋាន ដែលកំពុងជួបប្រទះនូវការលំបាក ការខ្វហខាតនៅក្នុងកិច្ចការងារ ការពារសម្បត្តិព្រៃឈើ ធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ នៅក្នុងដែនព្រៃសហគមន៍ទាំងនោះ។

លោកក៏បានអំពាវនាវឲ្យមានការចូលរួម ថែរក្សា អភិរក្សធនធានធម្មជាតិ ឲ្យបានគង់វង្ស ដើម្បីទុកជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ និងទុកសម្រាប់កូនចៅជំនាន់ៗក្រោយទៀត៕