(ភ្នំពេញ)៖ ជនជាតិ​អង់គ្លេសម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម​ (បាញ់សម្លាប់)​ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ និងឃាត់ខ្លូន។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់ Fresh News នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក សាន សុខសីហា បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣​ វេលាម៉ោង​២២៖៣០នាទី​យប់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម​ (បាញ់សម្លាប់)​ នៅចំណុចមុខអគារ​ The Peak ផ្លូវក្រសួងការបរទេស​ ក្រុម៧៨​ ភូមិ១៤​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ភ្នំពេញ​ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២​ វេលាម៉ោង​ ២៣៖៤០នាទីយប់។

ជនសង្ស័យ​ឈ្មោះ​ឈ្មោះ​ SWARTZ JOSEPH ហៅ​ VERNAZZA JASON ហៅ WILSON ALAN BRADLY ហៅ​ SPADER JAMES ភេទប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​អង់គ្លេស​ ទីលំនៅ​ និងមុខរបរមិនទាន់ដឹង​។

វត្ថុតាងដកហូត រួមមាន អាវុធខ្លី ០១ដើម​ ម៉ាក​ ruger ពណ៌ខ្មៅ​ និងកាំបិតបត់ ០១ដើម។

បច្ចុប្បន្ន ជនសង្ស័យ និងភស្តុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕