(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១២០០ គ្រួសារ ទទួលបានកាដូដ៏មានតម្លៃពីសម្តេចតេជោ ហ៊ុន សែន នោះគឺការផ្តល់បណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើឲ្យពួកគាត់បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨ អគារ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានេះ បានធ្វើឡើងនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានលើកឡើងថា ត្រឹមតែរយៈពេល ១០ ថ្ងៃ ប៉ុណ្ណោះ ដែលរដ្ឋបាល រាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគោលការណ៍ដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារលិខិត ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨អគារ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់ សម្តេចតេជោ ក្នុងការធានាសិទ្ធិកាន់កាប់ ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាពសង្គម។

លោក ឃួង ស្រេង បន្តថា «ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាការ រួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ជូនបងប្អូន ប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ "សន្តិសហវិជ្ជមាន" និង ជាការធ្វើឱ្យមានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិ សាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាននយោបាយ “ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុងដំណើរការចុះបញ្ជីកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋចំនួនជាង ១,២០០ គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន ១.៣៩២ បន្ទប់ ក្នុងអគារ ទាំង ៨ នេះ ថែមទៀតផង»
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវទទួលបណ្ណកម្មសិទ្ធិលើចំណែកឯកជនទាំង ១៣៩២បន្ទប់នេះ គឺនៅសល់៤៦បន្ទប់ ដែលមិនទាន់បានបំពេញឯកសារគ្រប់គ្រាន់ ដោយសារមានបញ្ហាផ្សេងៗ ដូច្នេះសូមទៅធ្វើនៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់និងសុរិយោដីរាជធានី ដោយមន្ត្រីនឹងនៅរងចាំធ្វើជូន ជាមួយនឹងការមិនយកពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗដូចប្រជាពលរដ្ឋទាំងអស់គ្នានេះដែរ ។

លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងអគារសហកម្មសិទ្ធិបុរីកីឡាទាំង០៨អគារ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានក្តីរំភើបរីករាយក្រៃលែង ដោយទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ។ នេះជាការខិតខំ យកចិត្តទុកដាក់ របស់លោក ឃួង ស្រេង ជាពិសេស រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោកបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទទួល បាននាពេលនេះ ពិតជាមានតម្លៃសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសេដ្ឋកិច្ច និង ជីវភាពគ្រួសារ។ ដូច្នេះ លោកសូមឲ្យថែរក្សាទុកដាក់ឲ្យបាន គង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារដ៏មានសំខាន់ ដែលបញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យ ហើយមិនត្រឹមតែធានានូវសុវត្ថិភាពផ្ទះរបស់ប៉ុណ្ណោះទេ បណ្ណនេះអាចផ្តល់នូវ អត្ថប្រយោជន៍ជាច្រើនតាមតម្រូវការ ឬធ្វើអំណោយសំរាប់កូនចៅទៅថ្ងៃ អនាគត៕