(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ បានបន្ដចុះពិនិត្យពីដំណើរការរៀបចំកន្លែងព្យាបាលដោយឥតគិតថ្លៃ ដល់កីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។

លោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា «កាលពីរសៀលនេះ យើងបានបញ្ជូនរថយន្ដគ្លីនិកចល័តចំនួន ៣គ្រឿង ដែលមានសម្ភារៈវះកាត់ និងព្យាបាលក្នុងនោះរួចជាស្រេច ដើម្បីត្រៀមព្យាបាលវះកាត់ជាបណ្ដោះអាសន្ន ក្នុងករណីកីឡាករ កីឡាការិនី មានបញ្ហាសុខភាព ខណៈបន្ទប់វះកាត់របស់មន្ទីរពេទ្យនឹងរៀបចំរួចរាល់ក្នុងរយៈពេល៣សប្ដាហ៍ទៀត តែយើងនឹងព្យាយាមពន្លឿនការងារនេះបន្ថែមទៀត។ ដោយឡែកគ្រែចំនួន ២០០ បានរៀបចំរួចរាល់ហើយថ្ងៃនេះ»

សម្រាប់ថ្ងៃស្អែកនេះ លោកនឹងក្រុមការងារនឹងបន្ដចុះពិនិត្យបន្ថែមលើការរៀបចំបន្ទប់វះកាត់ ដើម្បីធ្វើយ៉ាងណា ឱ្យបន្ទប់វះកាត់នេះ ដំណើរការបានកាន់តែលឿនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានសម្រេចឲ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងការប្រកួតដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ សម្តេចតេជោ ក៏បានជំរុញឲ្យក្រសួងសុខាភិបាល រៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរ ដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខនេះ។

ភ្លាមៗនោះក្រោយទទួលបានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ចុះរៀបចំភ្លាមៗ ដោយពិនិត្យលើលទ្ធភាពការងារបានមួយជំហានផងដែរ ទៅលើការចាត់តាំងក្រុមគ្រូពេទ្យពីមន្ទីរពេទ្យចំនួន៣ គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយសហការជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះផ្ទាល់ ដើម្បីត្រៀមជាស្រេច បើមានករណីកើតឡើងនឹងអនុវត្ដភ្លាមៗតែម្ដង៕