(ភ្នំពេញ)៖ ក្រុមចោរឆក់ចំនួន ០៣នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បី នៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងមកនេះ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការណ៍ជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបបានអស់ហើយ។

បើតាមការបញ្ជាក់របស់លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នាល្ងាចថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា
កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង១៦៖០០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន ១៤ ប្រូ ពណ៌ស្វាយ) ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បង្ករឡើងដោយជនសង្ស័យចំនួន ០៣នាក់ ជិះម៉ូតូចំនួន ០២គ្រឿង ម៉ាកស្កុបពីពណ៌បៃតង-ទឹកប្រាក់ ឆ្នាំផលិត ២០១៩ និងម៉ូតូម៉ាកស៊ុយស្សូគីនិច ពណ៌ស-ក្រហម ឆ្នាំផលិត២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ1JX 2213 ។

លោក ប៊ុន សត្យា បានបន្ថែមថា ក្រោយកើតហេតុនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១៖០០នាទី កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ ក្រោយការសាកសួរជនសង្ស័យរូបនេះ បានសារភាពថាបក្ខពួកចំនួន ០២នាក់ បានគេចខ្លួនមកក្រុងប៉ោយប៉ែត។

លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បានសហការណ៍ជាមួយ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់បន្ថែមទៀតផងដែរ ដែលមានឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ ថាច់ សុបញ្ញា ហៅ ញ៉ា ហៅ សីហា ភេទប្រុស អាយុ ១៩ឆ្នាំ នៅចំណុច ខាងមុខផ្ទះលេខ ០៤ ផ្លូវ លំ ភូមិក្បាលស្ពាន ១ សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត៕