(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានអញ្ជើញជួបអំណេះសំណាលជាមួយគ្រូបង្រៀនក្របខ័ណ្ឌខ្មែរឥស្លាម ចំនួន៦៧២នាក់ មកពីខេត្តចំនួន៧ ដូចជា ខេត្តកំពង់ចាម កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅពេលព្រឹក លោកបណ្ឌិតបានសំណេះសំណាលជាមួយ អ្នកគ្រូលោកគ្រូមកពីខេត្តកំពង់ចាម និងខេត្តកំពង់ធំ ចំនួន ១៤០នាក់ នៅភូមិរកា ឃុំសំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ចំណែក នាពេលរសៀល លោកបន្តជួបជាមួយលោកគ្រូអ្នកគ្រូមកពី ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ចំនួន១៨១នាក់ នៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។ លោកក៏បន្តជួបលោកគ្រូអ្នកគ្រូមកពីខេត្តត្បូងឃ្មុំ ចំនួន៣៥១នាក់ នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើង ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងធ្វើឲ្យសាសនាទាំងអស់រួមរស់ជាមួយគ្នា ដោយពុំមានការរើសអើង។ ជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវឱកាសឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំនៅតាមជួររដ្ឋាភិបាល និងមន្ត្រីរាជការនានា។

ជាក់ស្តែង នៅក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ក្របខ័ណ្ឌគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ១,៥០០នាក់ ដើម្បីជួយលើកកម្ពស់វិស័យអប់រំ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់គ្រូបង្រៀនខ្មែរឥស្លាម ព្រោះតាំងពីដើមមកពួកគាត់ទទួលបានការឧបត្ថម្ភថវិកាបន្តិចបន្តួចពីអ្នកភូមិ ដែលមិនអាចបំពេញតម្រូវការប្រចាំថ្ងៃបានគ្រប់គ្រាន់នោះឡើយ។

លោកបណ្ឌិតសង្កត់ធ្ងន់ថា «ដូច្នេះ! យើងត្រូវដឹងគុណ និងអរគុណ ចំពោះសម្តេចតេជោ ចំពោះរាជរដ្ឋាភិបាល និងចំពោះថ្នាក់ដឹកនាំរបស់យើងដែលបានខិតខំជ្រោមជ្រែង បើគ្មានសម្តេចតេជោទេ អត់មានបងប្អូនមកធ្វើគ្រូបង្រៀនក្របខ័ណ្ឌឥស្លាមនោះទេ ព្រោះសិទ្ធសម្រេចស្ថិតនៅលើប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យយើងក្លាយជាគ្រូបង្រៀនក្របខ័ណ្ឌ ហើយបានបើកប្រាក់បៀវត្សអស់រយៈពេល៨ ឆ្នាំកន្លងមកនេះ»។

លោកបណ្ឌិតបានបន្តថា គ្រូបង្រៀនខ្មែរឥស្លាម គឺជាសកម្មជនរបស់គណៈចលនាសាសនាឥស្លាមកម្ពុជា និងជាជនសកម្មដែលកំពុងធ្វើឱ្យភូមិឃុំ មានសុវត្ថិភាព។ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពមានន័យថា ពុំមានការសេពគ្រឿងស្រវឹង អំពើលួច ឆក់ ប្លន់ កុំឲ្យមានល្បែងស៊ីសង និងកុំឲ្យមានការជួញដូរគ្រឿងញៀន សុទ្ធសឹកតែមានចែង និងហាមប្រាម នៅក្នុងគម្ពីរអាល់គួរអាន របស់សាសនាឥស្លាម ដូច្នេះគ្រូបង្រៀនខ្មែរឥស្លាម បង្រៀនកូនសិស្សឱ្យចៀសផុតពីប្រការទាំងអស់នេះ។

លោកបណ្ឌិតថ្លែងបន្ថែមថា «យើងទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋខ្មែរឥស្លាម ដែលជាគ្រូបង្រៀន ដែលជាអ្នកចេះដឹង ជាបញ្ញាវន្ត យើងត្រូវរក្សាកិច្ចការរបស់យើង រួមចំណែកជាមួយរាជរដ្ឋាភិបាល ហើយយើងដឹងហើយថា បន្ទាប់ពីការបោះឆ្នោតម្តងៗសំឡេងឥស្លាមរបស់យើងមិនដែលថមថយទេ នៅគ្រប់ទីកន្លែង។ ដូច្នេះ! យើងត្រូវរក្សាសំឡេងឲ្យបានកាន់តែច្រើន វាស្របនូវអ្វីដែលសម្តេចបានជួយយើង»។

ជាចុងក្រោយ លោកបណ្ឌិតបានផ្តាំផ្ញើដល់គ្រូបង្រៀនខ្មែរឥស្លាមទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែង និងរិះរកគ្រប់វិធីទាំងអស់ ដើម្បីបង្រៀនសិស្សឲ្យកាន់តែទទួលបានគុណភាព និងប្រសិទ្ធភាព ក្នុងការលើកកម្ពស់វិស័យអប់រំឥស្លាម នៅកម្ពុជា៕