(ភ្នំពេញ)៖ ក្រោយសង្គេតឃើញមានការលក់ចំណីអាហារ ដែលមិនមានសុវត្តិភាព និងសុខុមាលភាពសម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបន្តក្រើនរំលឹកសារជាថ្មី ពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា។

បានរយៈបណ្តាញសង្គម Facebook ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារខ្លីមួយដែលមានខ្លឹមសារដូចនេះថា «សេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន» ជាមួយនឹងការភ្ជាប់នូវរូបភាព ក្នុងការហាមឃាត់ក្នុងការលក់ដូរ ប្រភេទ នំ ចំណីអាហារ ដែលមិនមានសុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជនផងដែរ។

គួរជម្រាបដែរថា ពាក់ព័ន្ធនឹងការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ក្រសួងអប់រំ កាលពីខែឧសភា ឆ្នាំ២០១៩ ក៏បានសេចក្ដីណែនាំម្តងរួចមកហើយ ពីវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាពនិងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជននេះ ក្នុងទិសដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ ដោយក្រសួងក៏បានចេញសេចក្តីណែនាំជាបន្តបន្ទាប់មកផងដែរ៕