(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ និងលោក អ៊ូអីណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាសហអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបត់ដុំដៃ ប្រវែង១៨ម៉ែត្រ ទទឹង៤ម៉ែត្រ សាងសង់ពីបេតុងសរសៃដែក ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន (ជំនួយគូសាណូណិ) តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និងជួសជុលអគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ ដោយប្រើថវិការបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ដែលស្ថិតនៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល កម្មពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ ភូមិ ឃុំ ស្រុក អាជ្ញាមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបប្រមាណ ៦០០នាក់។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរអរគុណជូនចំពោះ អ៊ូអីណុ អាត់ស៊ូស៊ី និងប្រជាជន ព្រមទាំងរដ្ឋាភិបាលនៃប្រទេសជប៉ុនដែលជាមិត្តតែងជួយដល់កម្ពុជា និងជាដៃគូរអភិវឌ្ឍដែលមិនអាចខ្វះបានចាប់តាំងពីគ្រាកន្លងមក និងពេលខាងមុខ តួយ៉ាងសមិទ្ធផលដែលមិត្តជប៉ុនបានជួយកន្លងមកបានបង្ហាញឱ្យឃើញស្រាប់ ពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ជប៉ុនបានជួយសាងសង់រួមមានដូចជា៖ ស្ពានត្សឺបាសា ស្ពានជ្រោយចង្វាទីមួយ ស្ពានគីហ្សូណា ស្ពាន៧កន្លែង នៅខេត្តព្រៃវែង និងខេត្តក្រចេះ ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ១ គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ និងអនាម័យជាក់ស្តែងស្ពានបត់ដុំដៃ ស្ថិតក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល មានជាសក្ខីភាព។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ស្ពាន-ផ្លូវ មានតួនាទីសំខាន់ជាសរសៃឈាមជួយជម្រុញលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយបានជួយតភ្ជាប់ការដឹកជញ្ជូនគ្រប់ផលិតផល កសិផលរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់គ្រប់ច្រកល្ហកទាំងក្នុងតំបន់ និងទៅកាន់សកលលោក ដែលអាចទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិបានល្អប្រសើរ។

លោកទេសរដ្ឋមន្ត្រី បានកើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះបោះឆ្នោតសូមទៅចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់គ្នា និងបន្តរួបរួមគ្នាថែរក្សាការពារសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាំងអស់គ្នា ដើម្បីបន្តស្តារលើកកម្ពស់ដល់ការអភិវឌ្ឍកម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើង និងភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកការដ្ឋានសាងសង់ផ្លូវជាច្រើនខ្សែ ក្នុងនោះមានទាំងផ្លូវជាតិលេខ២៣ ដែលផ្តើមចេញពីឃុំលើកដែក ស្រុកកោះធំ ឆ្ពោះទៅស្រុកលើកដែកផ្លូវជាតិលេខ១៤។

សូមបញ្ជាក់ថា ស្ពានបត់ដុំដៃ ពីមុនជាស្ពានឈើ មានទទឹង ២,៥ម៉ែត្រ ប្រវែង ១៨ម៉ែត្រ សាងសង់ឡើងមុនឆ្នាំ១៩៦២ ហើយបន្តប្រើប្រាស់រហូតដល់ឆ្នាំ២០២១ ដោយពិនិត្យឃើញមានភាពទ្រុឌទ្រោម ទើបក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ រួមជាមួយភាគីជប៉ុន (គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្ស “ជំនួយគូសាណូណិ”) ចាប់ផ្តើមសាងសង់ស្ពានបេតុងសរសៃដែក ប្រវែង១៨ម៉ែត្រ ទទឹង ៤ម៉ែត្រ បើកការដ្ឋាននៅថ្ងៃទី១១ មីនា ២០២២ នឹងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១ កក្កដា ២០២២ លឿនជាងផែនការគ្រោងទុក។

ជាមួយនោះក៏មានការជួសជុលឡើងវិញ អគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ បានសាងសង់ចាប់តាំងពីក្នុងឆ្នាំ១៩៩៦ មានរយៈពេល២៦ឆ្នាំ ហើយបានរងការស្រុតនៅកម្រាលបាតដោយមូលហេតុរងការលិចត្រាំទឹកឡើងរាល់រដូវវស្សា អគារនេះក្រុមការងារបានបញ្ជប់ការសាងសង់ហើយរួចរាល់១០០% នៅថ្ងៃទី១០ ឧសភា ២០២២ នឹងបានផ្តល់ជូនលោកនាយកសាលាដាក់ឱ្យប្រើប្រាស់ជាធម្មតាឡើងវិញ៕