(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងដោយមានការសហការចូលរួមពីព្រះគ្រូធម្មកវីវង្សាចារ្យ ព្រះអនុគុណស្រុកតាំងគោក និងព្រះអនុគុណស្រុកបារាយណ៍ បានរៀបចំកម្មវិធីបុណ្យសាសនាមួយឡើងជាមួយនឹងការរៀបចំពិធីបើកវគ្គសិក្សាបតិបត្តិនៃពិធីបុណ្យសមាទានធុតង្គ សមាធិ និងវិបស្សនាកម្មដ្ឋាន ហើយវិធីបុណ្យសាសនានេះ មាន រយៈពេល ០៧យប់ ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅគេហដ្ឋានរបស់លោករដ្ឋមន្ត្រី នៅស្រុកស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ពិធីបើកវគ្គសិក្សាបតិបត្តិនៃពិធីបុណ្យសមាទានធុតង្គ សមាធិ និងវិបស្សនាកម្មដ្ឋាន បានធ្វើឡើងក្រោមអធិបតិភាពលោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកស្រី ខៀវ ស៊ីណា និងដោយមានការចូលរួមពីលោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា, ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណខេត្តកំពង់ធំ រួមទាំងមានមន្ត្រីជំនាសពាក់ព័ន្ធ និងលោកតាលោកយាយសរុប ១៦០នាក់ និងព្រះសង្ឃ ១០៨អង្គផងដែរ។

លើកឡើងនាឱកាសនោះលោកបណ្ឌិត ជា ចាន់តូ បានឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ​ ហ៊ុន​ សែន កម្ពុជាធានាបាននូវសុខសន្តិភាពសេរីភាព លទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម។ ទាំងនេះគឺជាអ្វីដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែងតែប្រាថ្នាចង់បាន ហើយសមិទ្ធផលខាងលើនេះ គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជា​ ដែលបានរួមសាមគ្គីគ្នាកសាងឡើងជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេល ៤០ឆ្នាំកន្លងមក ហើយក៏ជាសមិទ្ធផលរួមដែលកើតចេញពីកម្លាំងញើសឈាម និងការខិតខំប្រឹងប្រែងរបស់ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

លោកបណ្ឌិត ជា ចាន់តូ​ ក៏បានថ្លែងអរគុណដល់លោករដ្ឋមន្ត្រី​ ថោង​ ខុន​ ព្រមទាំងក្រុមគ្រួសារ​ ដែលតែងតែចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ក្នុងវិស័យព្រះពុទ្ធសាសនាឲ្យមានការអភិវឌ្ឍរីកចម្រើន​រុងរឿង ហើយពេលនេះបានរៀបចំពិធីបុណ្យសមាទានធុតង្គ សមាធិនិងវិបស្សនាកម្មដាន ដែលមានរយៈពេល ៧យប់ ៧ថ្ងៃនេះថែមទៀត។

លោកបណ្ឌិត​ ជា​ ចាន់តូ​ បានបន្ថែមទៀតថា​ ពុទ្ធចក្រនិងអាណាចក្រ ត្រូវដើរទន្ទឹមគ្នាពឹងគ្នាទៅវិញទៅមក និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក។ ពុទ្ធចក្រជួយផ្នែកស្មារតី ផ្នែកខាងទស្សនវិជ្ជា ដោយសារមានពុទ្ធចក្រទើបអាណាចក្រអាចរុងរឿងបាន។ ជាមួយគ្នានេះពុទ្ធចក្រ ក៏ពឹងពាក់និងផ្ញើលើរដ្ឋអំណាចផងដែរក្នុងនោះដោយសារមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនេះហើយ ទើបជំនឿសាសនាមានភាពរុងរឿងផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា វិបស្សនាកម្មដ្ឋាន មានគោលបំណងឆ្ពោះទៅរកគោលដៅផ្លូវចិត្តយ៉ាងខ្ពស់បំផុតនៃការរំដោះទុក្ខ និងការត្រាស់ដឹងពេញបរិបូណ៌។ គោលដៅរបស់វិបស្សនា គឺមិនមែនសម្រាប់ព្យាបាលជំងឺផ្លូវកាយឲ្យបានជាសះស្បើយទេ​ ប៉ុន្តែដោយសារលទ្ធផលបន្ទាប់បន្សំដែលកើតមកពីការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់នោះ ជំងឺផ្លូវចិត្តនិងផ្លូវកាយជាច្រើនណាស់ដែលបានជាសះស្បើយដាច់ឫសគល់ឣស់។ តាមការពិត វិបស្សនា គឺការរំលាយហេតុបីយ៉ាងនៃសេចក្តីទុក្ខទាំងឣស់បានពោលគឺ៖ លោភ: ទោស: និងមោហ:។ ដោយសារការបដិបត្តិយ៉ាងជាប់ជានិច្ច សមាធិ នឹងជួយបន្ធូរបន្ថយភាពតានតឹងដែលចេះតែមាននៅក្នុងការរស់នៅរាល់ថ្ងៃ ហើយជួយស្រាយចំណងដែលកើតឡើងដោយសារទម្លាប់ចាស់ដែលចេះតែនាំចិត្តឲ្យធ្វើប្រតិកម្មតបនឹងស្ថានភាព ជាទីរីករាយ និងជាទីមិនរីករាយ។

ជាមួយគ្នានោះ លោក ថោង ខុន បានបញ្ជាក់ដែរថា វគ្គសិក្សារយៈពេល ០៧ថ្ងៃនេះ គឺពិតជាខ្លីណាស់ ដើម្បីនាំចិត្តឲ្យចូលទៅដល់ថ្នាក់ទីជម្រៅ និងដើម្បីរៀនគាស់រំលើងភាពស្មុគ្រស្មាញដែលកប់នៅក្នុងនោះឲ្យដាច់ឫសគល់។ ការបដិបត្តិឲ្យបានជាប់ជានិច្ចនៅកន្លែងដែលដាច់ឆ្ងាយពីគេតែឯកឯង ជាគន្លឹះសំខាន់នៃជោគជ័យរបស់បច្ចេកទេសនេះផងដែរ។

ជាមួយគ្នានោះដែរលោក សេង សុមុនី បានឱ្យដឹងដែរថា វគ្គសិក្សាបតិបត្តិនៃពិធីបុណ្យសមាទានធុតង្គ សមាធិ និងវិបស្សនាកម្មដ្ឋាននេះ គឺពិតជាល្អណាស់នៅក្នុងព្រះពុទ្ធសាសនា ប្រសិនបើអាចនឹងប្រារព្ធធ្វើជារៀងរាល់ឆ្នាំបានពិតជាប្រពៃថ្លៃថ្លាក្រៃលែង។ ពិធី «សមាទានធុតង្គ សមាធិ និងវិបស្សនាកម្មដ្ឋាន» នេះក្នុងកាលកន្លងទៅប្រមាណជា ២៥៦៦ឆ្នាំមុន ព្រះពុទ្ធបរមគ្រូនៃយើងបានអនុវត្តដោយផ្ទាល់ព្រះអង្គ និងបានបង្រៀនភិក្ខុសង្ឃ ពុទ្ធបរិស័ទឱ្យប្រតិបត្តិរហូតទទួលបានជោគជ័យគឺសម្រេចធម៌ជាន់ខ្ពស់ មានសោតារហូតសម្រេចបានដល់ព្រះអរហន្ត។