(ត្បូងឃ្មុំ)៖ ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក លោក​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំ និងអញ្ជើញជាអធិបតីក្នុងពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ដែរថា​ ជាង២០០ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែរៀបចំពិធីចាប់ត្រីនៅបឹងក្រមនេះជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ បន្ទាប់ពីប្រជាកសិករបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ នេះបើតាមលោកយាយ លោកតាដំណាលប្រាប់។

លេីកឡេីងនាឪកាសនោះ​ លោក​ ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ពិធីចាប់ត្រីនេះត្រូវបានអាក់ខានក្នុងរបបប៉ុលពត ប៉ុន្តែចាប់ពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ មកបានរៀបចំធ្វើពិធីនេះឡើងវិញ មានអ្នកចូលរួមយ៉ាងច្រើនកុះករ។

លោកអភិបាលខេត្ត បញ្ជាក់ថា សម្រាប់ឆ្នាំនេះមានអ្នកចូលរួមកាន់តែច្រើនជាងឆ្នាំមុន មានប្រមាណជាង៦មុឺននាក់ដែលមកពីទីជិតឆ្ងាយ មកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ និងខេត្តនានាផងដែរ ។ ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់។

លោកជាម ច័ន្ទសោភ័ណ គូសបញ្ជាក់បន្ថែមថា ការជួបជុំយ៉ាងអធិកអធមទាំងនេះ គឺអាចប្រព្រឹត្តិទៅបានដោយសារប្រទេសជាតិមានស្ថេរភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ខិតខំយកមកបាន ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណសន្តិភាព។

ក្នុងកម្មវិធីនេះ មានការចុះចាប់ត្រី យកចំអិនហូបជុំគ្នា រាំលេងកំសាន្ត ពិសេសឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវបានឧបត្ថម្ភដល់អ្នកដែលចូលរួមប្រកួតចាប់ត្រី ក្នុងនោះចាប់បានច្រើន គីឡូលើសគេ ទទួលបានប្រាក់រង្វាន់។

លេខ១ ទទួលបានថវិកា៥០មុឺនរៀល និងស្រាបៀរញាំលេងកំសាន្តរីករាយក្រោមម្លប់សន្តិភាពចំនួន ០២កេះ លេខ២ លេខ៣ ទទួលបានប្រាក់រង្វាន់ និងស្រាបៀ ក្នុងម្នាក់២កេះ លេខ៤ដល់លេខ១២ ទទួលបានស្រាបៀ ក្នុងម្នាក់២កេះដូចៗគ្នា ក៏ដូចជាអ្នកចូលរួមប្រកួតចាប់ត្រីទាំងអស់ ទទួលបានថវិកាលើកទឹកចិត្ត ក្នុងម្នាក់៥មុឺនរៀលផងដែរ។

សូមជម្រាបថា ការប្រារព្ធពិធីចាប់ត្រី នៅបឹងត្រពាំងក្រមនេះ ធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ គឺបងប្អូនបានមកជួបជុំគ្នា ដើរលែងកំសាន្ត ទស្សនាទេសភាពស្ថិតនៅជុំវិញតំបន់បឹងក្រម ដែលមានកេរ្តិ៍ ដំណែលពីដូនតាយើង រួមមាន៖ ថ្មតាជ្រូក ដីពណ៌ឈាម ក្បាលតាជក តាព្រាម កន្លែងឡស្រា និងស្រះទឹកនាងលើមជាដើម ។

មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នេសាទ​ត្រី​ក្នុង​បឹង​ក្រម​នេះឡើយ ដើម្បី​រក្សា​វត្តមាន​ត្រីទុក​សម្រាប់​ពិធី​ចាប់​ត្រី ជារៀងរាល់ឆ្នាំ​។

ចំពោះការចាប់ត្រី ពលរដ្ឋអាច​ប្រើប្រាស់​បានតែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ ដូចជា​អង្រុត ឈ្នាង និង​ត្រក​ជាដើម ដើម្បី​ចាប់​ត្រី ក្នុង​ពិធី​នេះ ដោយតំបន់​បឹង​ក្រម មាន​ផ្ទៃដី​ប្រមាណ​៣០​ហិកតា និង​ផ្ទៃ​បឹង​ទំហំ​១​ហិកតា​៕