(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ» នៅអាហារដ្ឋាន ហេង ស៊ីដា ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ពិធីនេះមានការចូលរួមពីស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូច និងកុមារកំព្រា ចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍មកពី៤ឃុំ ចំនួន ២៤០នាក់ ដោយមានការចូលរួមពីលោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខា បានផ្សព្វផ្សាយពីការអប់រំ សុខភាពបន្តពូជ ដល់មាតា ទារក យុវ័យ និងអាហាររូបត្ថម្ភដើម្បីទទួលបាននៅចំណេះដឹង និងស្វែងយល់បន្ថែមដើម្បីជៀសវាងមានផលប៉ះពាល់ដល់សុខភាព។

នាឱកាសនោះដែរ លោក គួច ចំរើន បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍នៅក្នុងស្រុកស្ទឹងហាវ ព្រមទាំងបានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទាក់ទងទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៣ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់មន្ត្រីសាខា និងអនុសាខាកាកបាទក្រហមស្រុកស្ទឹងហាវ រៀបចំការជួបជុំនាពេលនេះ ទាក់ទងសុខភាពមាតា និងទារក។

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តោតសំខាន់ការរៀបចំផែនការសកម្មភាព ស្តីពីការថែទាំសុខភាពមាតា និងទារក ហើយចំពោះបងប្អូនមានឯកសារក្នុងដៃមានសារៈប្រយោជន៍ មានការយល់ដឹងពីរបៀបរបបថែទាំសុខភាពមាតា និងទារក អ្វីដែលយើងចង់បាន គឺសុខភាពមាតា និងទារកឱ្យមានសុខភាពល្អ។ កន្លងមកថ្នាក់ជាតិ និងថ្នាក់ក្រោមបានធ្វើការផ្សព្វផ្សាយស្តីពីសុខភាពមាតា និងទារក ធ្វើឱ្យអត្រាមរណមានការថយចុះ ដូច្នេះ ស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយសមត្ថភាព និងការគាំទ្រពីដៃគូនានា ហេតុដូចនេះប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ក្នុងការថែទាំសុខភាពតម្រូវធ្វើផែនការជាក់លាក់ មានដូចជា ការពន្យាកំណើតជាដើម ទន្ទឹមនោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុនពេលឆ្លងទន្លេ ត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីសុវត្ថិភាពមាតា និងទារក ហើយក្រុមគ្រូពេទ្យរបស់យើងនៅចាំជួយបងប្អូនទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។

លោកក៏បានក្រើនរំលឹកជាពិសេស ឱ្យនាំកូនតូចទៅចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ និងគ្រប់ដូស ទន្ទឹមនោះក្រុមគ្រូពេទ្យផ្តល់ឱកាសជម្រុញការផ្តល់សេវាពិនិត្យពិគ្រោះយោបល់កាន់តែល្អ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលទៅទទួលសេវាសុខភាព។ រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយលើកកម្ពស់ធនធានមនុស្សឱ្យមានចំណេះដឹង មានសុខភាពល្អ ទន្ទឹមនោះរាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ សម្រាប់បងប្អូនទៅពិនិត្យសុខភាពដោយមិនយកលុយ ហើយពេលបងប្អូនទៅពិនិត្យផ្ទៃពោះ៤ដង មុនពេលសម្រាល គ្រុមគ្រូពេទ្យពនឹងផ្តល់លុយថែមទៀត នៅពេលចាប់ពីមានផ្ទៃពោះ សម្រាល និងរហូតដល់កូនអាយុ២ឆ្នាំ ត្រូវទៅពិនិត្យសុខភាពមាតា និងទារកឱ្យបាន ១០ដង រដ្ឋត្រូវចំណាយថវិកា ៧៦ម៉ឺនរៀល ដោយផ្តោតសំខាន់ទៅលើសុខភាពមាតា និងទារក តាមការណាត់របស់
ក្រុមគ្រូពេទ្យ ហើយនេះជាគុណតម្លៃនៃសន្តិភាព ដើម្បីឱ្យអត្ថប្រយោជននៅជាមួយបងប្អូន ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ។

ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនស្រ្តីមានផ្ទៃពោះ ស្ត្រីមានកូន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍មកពី ៤ឃុំ ក្នុងស្រុកស្ទឹងហាវចំនួន ២៤០នាក់ ក្នុងម្នាក់ទទួលបានអង្គរ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីត១កញ្ចប់ (សារ៉ុង១ ក្រមា១ មុង១ ភួយ១) និងឃីតទារក១កញ្ចប់ មានដូចជា៖ (កន្សែងពោះគោធំ១ ខោទារក២សម្រាប់ ស្រោមដៃស្រោមជើង២គូរ ប្រេងខ្យល់១ដប ម្ស៉ៅ១កំប៉ុង សាប៊ូដុសខ្លួន១ដប សាប៊ូបោកគក់១កញ្ចប់ ខោទឹកនោម១កញ្ចប់ សម្រាប់ស្តី្កសម្រាលកូន និងមានផ្ទៃពោះ) និងនិងថវិកា ៥ម៉ឺនរៀល និងយុវជនកាកបាទក្រហម ២៦នាក់ ក្នុងម្នាក់១០ម៉ឺនរៀល៕