(ភ្នំពេញ)៖ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមើលឃើញថា យុវជនគឺជាកម្លាំងស្នូលក្នុងការធានាបាននិរន្តភាពនៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

ការកត់សម្គាល់នេះ បានរំលេចឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ​យុវជន​គណបក្ស​ថ្នាក់កណ្តាលរបស់បក្សប្រជាជនកម្ពុជា ប្រចាំឆ្នាំ២០២២​ និងលើកទិស​ដៅភារកិច្ចឆ្នាំ២០២៣។ កិច្ចប្រជុំត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ រយៈពេលមួយថ្ងៃពេញ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

កិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាអនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានក្រុមការងារ​យុវជនគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ប្រធាន អនុប្រធានក្រុមការងារ​រៀប​ចំអង្គការ​ចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីប ប្រធាន អនុ​ប្រធាន​ក្រុមការងារចំពោះកិច្ចទទួលបន្ទុកបដិសណ្ឋារកិច្ច ប្រធានក្រុមការងារ​យុវជន​គណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ សរុប ១,៤៤០នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំ បានឱ្យដឹងថា កិច្ចប្រជុំបានបូកសរុប និងវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈមនានា និងសតិ​អារម្មណ៍យុវជនក្នុងការអនុវត្តទិសដៅការងារ ផែនការសកម្មភាពការងារ និងសូច​នា​ករក្នុងផែនការសកម្មភាពការងារ ដែលបានដាក់ចេញនាពេលកន្លងមក និងប្រមូល​នូវ​ធាតុចូលសំខាន់ៗពីកិច្ចប្រជុំ តាមរយៈការធ្វើបទអន្តរាគមន៍ពីប្រធានផ្នែ​ក​រាជ​ធានី ខេត្ត ប្រធានក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នចំនួន៣ រាជធានី ខេត្តចំនួន៤ និងតំណាងក្រុមគ្រូឧទ្ទេស និងគ្រូជំនួយចំនួន១។

កិច្ចប្រជុំក៏បានស្តាប់ដោយយកចិត្តទុកដាក់លើខ្លឹមសារ នៃសេចក្តីព្រាងរបាយការណ៍​បូក​សរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ របស់យុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងបានឯកភាព អនុម័ត ដើម្បី​ដាក់ឱ្យ​ប្រើ​ប្រាស់និងផ្សព្វផ្សាយជាផ្លូវការ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងដែរថា កិច្ចប្រជុំក៏បានបានកត់សម្គាល់ វាយតម្លៃខ្ពស់អំពីសភាពការណ៍នយោបាយ​អន្តរ​ជាតិ និងតំបន់ និងសភាពការណ៍ជាតិ ព្រមទាំងបានវាយតម្លៃអំពីទិសដៅជាគន្លឹះ និងអាទិភាពសម្រាប់កម្ពុជាក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច-សង្គម រក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រក្សាលំនឹងជីវភាព​រស់នៅ​របស់ប្រជាជន និងសុខុមាលភាពប្រជាជន ការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ ដែល​កំពុងរីករាលដាលនៅកម្ពុជា និងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ សំដៅធានាប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល។

ទន្ទឹមនោះកិច្ចប្រជុំ ក៏បានដាក់ចេញនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការ​ចាត់តាំង យុវជនគណបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ ដែលចាំបាច់ត្រូវសហការអនុវត្តបន្ត​ឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។ ដើម្បីសម្រេចលើកិច្ចការនេះ កិច្ច​ប្រជុំ​ក៏បានផ្តោតសំខាន់លេី​ កម្លាំងយុវជនជាកម្លាំងស្នូល ក្នុងការធានាបាននូវនិ​រន្ត​ភាព​នៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងការថែរក្សាសុខ​សន្តិ​ភាព ស្ថិរភាព នយោបាយ និងសង្គម តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន​ជា​អាទិភាពខ្ពស់បំផុត៕