(ស្វាយរៀង)៖ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត រួមជាមួយលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង បានអញ្ជើញបញ្ចុះបឋមសីលាសាងស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង។

ពិធីបញ្ចុះបឋមសីលានេះ មានកាអញ្ជើញចូលរួមពីក្រុមការងារគណបក្ស សមាជិក សមាជិកាគណបក្សខេត្ត គណបក្សក្រុងបាវិត និងគណបក្សសង្កាត់ទាំង៥ ក្នុងក្រុងបាវិត។

ការសាងសង់អគារស្នាក់ការគណបក្សនេះ បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក លី ធុជ និងមានការចូលរួមវិភាគទានជាកម្លាំងចិត្ត កម្លាំងកាយ ថវិកា និងសម្ភារៈ ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្ស និងគណបក្សខេត្ត ក្រុង សង្កាត់ទាំងអស់ ក៏ដូចជាសប្បុរសជននានាផងដែរ។

ទីស្នាក់ការគណបក្សក្រុងបាវិតនឹងត្រូវប្រើប្រាស់សម្រាប់ជាផលប្រយោជន៍រួមរបស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកាគណបក្សទាំងអស់ ស្ថិតក្នុងក្រុងបាវិត ដើម្បីឱ្យមានកន្លែងធ្វើការសមរម្យ។ សមិទ្ធផលថ្មីនេះ គឺស្ថិតក្នុងចំណោមសមិទ្ធផលរបស់គណបក្សផ្សេងៗជាច្រើនទៀត សម្រាប់ក្រុងបាវិត ក៏ដូចខេត្តស្វាយរៀង ដែលសមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាសន្តិភាពរបស់ប្រទេស និងប្រជាជនកម្ពុជា៕