(ក្រចេះ)៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះផ្ទះរបស់ប្រជាពលរដ្ឋ ១ខ្នង និងខូចខាតទ្រព្យសម្បត្តិប្រមាណជាង៣០,០០០ដុល្លារ កាលពីវេលាម៉ោង១០ និង២០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចខាងក្រោយបន្ទាយយោធាខេត្ត ស្ថិតនៅភូមិអូរឫស្សី៣ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

បើតាមយោងតាមរបាយការណ៍នគរបាល បានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ជាន សុធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ហើយខូចខាតទ្រព្យសម្បត្តិរួមមានផ្ទះសង់អំពីឈើ ប្រក់ក្បឿងទំហំ៦ គុណ ១២ម៉ែត្រ ខូចខាត់ទាំងស្រុង និងរថយន្ដ ១គ្រឿងម៉ាកកាមរីឆ្លាម ខូចខាតផ្នែកខាងមុខ៥០% គិតជាទឹកប្រាក់សរុបអស់ប្រមាណ ៣០,០០០ដុល្លារ តែមិនមានអ្នករងរបួស ក្នុងហេតុការណ៍អគ្គិភ័យនេះឡើយ។

តាមរបាយការណ៍បានបញ្ជាក់ទៀតថា ករណីអគ្គិភ័យខាងខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយករថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង ក្នុងនោះរថយន្ដស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង រថយន្ដអធិការដ្ឋានគរបាលក្រុងក្រចេះចំនួន១គ្រឿង និងរថយន្ដអធិការដ្ឋាននគរបាលស្រុកចិត្របុរី ចំនួន១គ្រឿង ជួយបាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៤រថយន្ដ ទើបភ្លើងរលត់ទាំងស្រុង៕