(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះសំណេះសំណាលសួរសុខទុក្ខនិងបាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាលដែលជាការបង្ហាញខ្លួនក្នុងនាមជាថ្នាក់ដឹកនាំខណ្ឌនេះ លោក ធឹម សំអាន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ជាមួយគ្នានោះលោកអភិបាលខណ្ឌ បានជំរាបជូនប្រជាពលរដ្ឋ អំពីការអភិវឌ្ឍ និងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាតិ ពិសេសរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ធឹម សំអាន ក៏បានជំរាបជូនប្រជាពលរដ្ឋផងដែរថា រូបលោក និងមន្ត្រីខណ្ឌគឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ដូច្នេះបើប្រជាពលរដ្ឋជួបបញ្ហាលំបាក ឬបញ្ហាប្រឈមណាមួយ សូមអញ្ជើញទៅតាមសាលាសង្កាត់ ឬតាមស្នាក់ការភូមិ ឬស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតៗផ្ទះ ដើម្បីអាជ្ញាធរដោះស្រាយជូនភ្លាមៗ។

លោកអភិបាលខណ្ឌព្រែកព្នៅ ក៏បានណែនាំប្រជាពលរដ្ឋ រស់នៅស្អាត ផឹកស្អាត និងចូលរួមថែរក្សាអនាម័យ បរិស្ថាន ព្រមទាំងបន្តចូលរួមអនុវត្តន៍ នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាព។

ក្នុងឱកាសនោះ លោក ធឹម សំអាន ក៏បាននាំទៅជាមួយនូវអំណោយរួមមាន៖ អង្ករ មី ទឹកត្រី ទឹកសុីអុីវ ទឹកផ្លែឈើ និងថវិកា ២០,០០០រៀល៕