(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងសាទរចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានស្នើឲ្យក្រសួងអប់រំ យុវជន និងកីទ្បា ដាក់បញ្ចូលអក្សរសាស្រ្ដខ្មែរនៅក្នុងកម្មវិធីសាលាឯកជនជាតិ និងអន្ដរជាតិនេះ គឺពិតជាមានសារ:សំខាន់សម្រាប់កូនខ្មែរ ព្រោះការចេះភាសា និងអក្សរសាស្រ្ដជាតិ គឺជាមេកានិចនៃគំនិតស្រទ្បាញ់ជាតិ។ ប៉ុន្ដែបើកូនខ្មែររស់នៅលើទឹកដីខ្មែរ ហើយបែរជាខ្វះចំណេះដឹងភាសានិងអក្សរសាស្រ្ដជាតិវិញនោះ ក៏ជាបញ្ហាប្រឈមរបស់ជាតិផងដែរ។

ពីព្រោះការចេះភាសា និងអក្សរសាស្រ្ដជាតិនេះ គឺជាយានឲ្យយល់ដឹងអំពីប្រវត្ដិសាស្រ្ដ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលជាមេកានិចនៃគំនិត ធ្វើឲ្យខួរក្បាលចេះគិត ចេះពិចារណា ក្នុងស្មារតីស្រទ្បាញ់ជាតិ និងផ្សាះផ្សារជាតិ។

លោក រត្ន័ សណ្ដាប់ យល់ថាបើឈរលើស្មារតីព្រលឹងជាតិដើម្បីឲ្យមានភាពរឹងមាំ គឺឈរលើកត្ដាពីរជាសំខាន់គឺ៖ ទី១៖ ការអប់រំ អំពីប្រវត្ដិសាស្រ្ដដែលជាអត្ដសញ្ញាណជាតិ ហៅថា «មាសស» និងទី២៖ ជាតិនិយម ដោយយើងត្រូវយល់ថាបើយើងរស់នៅម្នាក់ឯងប្រៀបដូចដើមស្រូវ ប៉ុន្ដែបើយើងរស់នៅចាប់ពី ២នាក់ទ្បើងទៅ គឺយើងរឹងមាំដូចដែកថែប។

ហេតុនេះចំពោះអត្ថន័យភាសា និងអក្សរ យើងអាចនិយាយបានថា ជាយាននៃគំនិត ជាយាននៃវប្បធម៌ ពាណិជ្ជកម្ម ការទូត និងសាសនា ក្នុងការទំនាក់ទំនងចងភ្ជាប់គ្នានៅក្នុងសង្គម ប្រៀបដូចសរសៃរអំបោះចងភ្ជាប់គ្នាពីមួយទៅមួយ រហូតមានទំហំយ៉ាងធំធេង និងមានប្រវែងយ៉ាងវែងដូច្នោះដែរ។

ព្រោះភាសានិងអក្សរ ជាកត្ដាកំណត់អត្ដសញ្ញាណជាតិ នៃជាតិសាសន៍នីមួយៗ ជាក់ស្ដែងបើពោលអំពីប្រវត្ដិសាស្រ្ដខ្មែរ អ្នកប្រាជ្ញកំណត់នៅវត្ដគំនូរ ស្រុងអង្គរបុរី ខេត្ដតាកែវឆ្នាំ៦១១ នៃគ.ស.សិលាចារឹកK600 ព្រោះសំអាងលើអក្សរដែលមានកាលបរិច្ឆេទឆ្នាំច្បាស់លាស់ គឺមានអាយុកាលចាស់ជាងគេនេះឯង។

ដូច្នេះការប្រើប្រាស់ភាសា និងអក្សរសាស្រ្ដខ្មែរ​ ដែលជាអត្តសញ្ញាណ​ជាតិ​នេះ ពិតជាមានតម្លៃធំធេងណាស់សម្រាប់ប្រជាជាតិខ្មែរ ដែលយើងត្រូវនាំគ្នាលើកកម្ពស់ និងថែរក្សាទុកសំរាប់កូនចៅជំនាន់ក្រោយៗទៀតដូចពាក្យចាស់បុរាណពោលថា «អក្សររលត់ ជាតិរលាយ អក្សរពណ្ណរាយ ជាតិថ្កើងថ្កាន»