(ភ្នំពេញ)៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកុម្ភៈ ​ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជន ក្នុងខណ្ឌកំបូល ចំនួន ១,២០០នាក់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកគណបក្សយ៉ាងច្រើនកុះករ នៅក្នុងបរិវេណសួនកុមារ សាលាខណ្ឌកំបូល។

នាឱកាសនោះដែរ លោក ឃួង ស្រេង បានថ្លែងថា «ការសម្រេចចិត្តរបស់ក្មួយៗ ពិតជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយក្មួយៗបានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិ ហើយគណបក្សប្រជាជន ហ៊ានសន្យា ហ៊ានធ្វើ។ យើងដាច់ខាតត្រូវការពារសន្តិភាពអោយបានគង់វង្ស មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនជឿនលឿនបាន។ អាចការពារសន្តិភាពបានមានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»

លោក ឃួង ស្រេង បានបន្តថា លោកសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

បន្ថែមពីនេះ លោក ឃួ​ង ស្រេង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា មិនចង់អោយពលរដ្ឋលំបាកនោះទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះទេ មហិតារបស់សម្តេច ចង់ប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោក ឃួង ស្រេង បានបន្ថែមថា ចំណូលកម្រិតខ្ពស់នេះ គឺធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូធារ ពោលគឺអ្នកមានការងារធ្វើមានប្រាក់ខែខ្ពស់ ដូចអរិយប្រទេសនៅលើពិភពលោក ហើយអ្នកគ្មានការងារធ្វើក៏មានប្រាក់ខែទ្រទ្រង់សង្គមផងដែរ។

លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌកំបូល បានលើកឡើងផងដែរថា ប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យក្រុមការងារ ចុះមកបំពេញការងារនៅក្នុងមូលដ្ឋាន ដើម្បីឱ្យគណបក្សមានភាពរឹងមាំ។

លោកស្រីរំពឹងថា «សមាជិកថ្មីនឹងជួយយផ្សព្វផ្យាយគោលនយោបាយរបស់បក្ស ដើម្បីឱ្យប្រជាពលរដ្ឋបានជឿងជាក់មកលើបក្សប្រជាជនរបស់យើង ពិសេសពន្យល់ពួកគាត់ឱ្យយល់ពីតម្លៃនៃសុខសន្តិភាព នៅក្នុងប្រទេស បើមិនមានសន្តិភាពទេ គឺកម្ពុជាមិនមានអ្វីទាំងអស់ កុំឡើយអភិវឌ្ឍ សូម្បីតែការជួបជុំគ្នាបែបនេះក៏មិនបានផង។ ដូច្នេះ យើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបានគង់វង់។ យើងត្រូវការពារបក្សរបស់យើង ត្រូវប្រតិកម្មតបតជាមួយ ការមួលបង្កាច់បង្ខូច គណបក្សយើង ដោយយកការពិតមកបកស្រាយ ដើម្បីបន្សាបព័ត៌មានអកុសលទាំងអស់នោះវិញ។ យើងស្រឡាញ់គណបក្សប្រជាជន យើងត្រូវការពារឱ្យបានដាច់ខាតផលប្រយោជន៍របស់គណបក្ស ដោយការពារដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដោរសារយុវជនរបស់យើងសម័យនេះ ពូខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យាឌីជីតលនេះ»

លោក ឃឹម ស៊ុនសូដា ប្រធានកម្មាធិការគណបក្សខណ្ឌកំបូល ក៏បានធ្វើរបាយការណ៍អំពីការងារកសាងគណបក្សខណ្ឌកំបូល ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង និងសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើន។ ដោយមើលឃើញពីការដឹកនាំដ៏ឆ្លាតវៃនេះ ទើបនាំឱ្យក្រុមយុវជនស្ម័គ្រ ចូលរួមជាសមាជិកបក្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ តំណាងសមាជិកថ្មីទាំង១,២០០នាក់ ក៏បានឡើង មានមតិប្តេជ្ញាចិត្តនឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតផងដែរ៕