(រតនគិរី)៖ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសជូនសមាជិក សមាជិកា នៅខេត្តរតនគិរី។

ពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅក្នុងសាលប្រជុំលោកព្រឹទ្ធាចារ្យ ប៊ូ ថង ដោយមានការចូលរួមពីអនុប្រធានក្រុមការងារចុះជាតិ ចុះមូលដ្ឋានខេត្តរតនគិរី ព្រមទាំងលោក លោកស្រីសមាជិកអចិន្ត្រៃយ៍បក្សខេត្ត សមាជិកគណៈកម្មាធិការបក្សខេត្តជាច្រើនរូប។

នាឱកាសនោះដែរ លោក ជៀង អំ បានលើកឡើងពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេងជាបន្តបន្ទាប់ និងធ្វើឱ្យសង្គមជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបានបន្តទៀតថា រាជរដ្ឋភិបាលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងកិច្ចការបរទេស កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ពាណិជ្ជកម្ម វិស័យការងារ សុខុមាលភាពសាធារណៈ ជាពិសេសការគ្រប់គ្រងបាននូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។ សមិទ្ធផលទាំងនេះអាចសម្រេចបានលុះត្រាតែមានកត្តាសំខាន់បំផុតគឺសន្តិភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខ និងជីវភាព សុខភាពប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះដែរ លោក ជៀង អំ បានស្នើឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជារួមសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ច និងសូមកុំក្រអើតក្រទម ត្រូវតែគោរពស្រលាញ់គ្នាឱ្យបានច្រើន។

លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះពួកគាត់។ លោកក៏ប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសភាជាតិអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបន្តគាំទ្របេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។

ឈ្លៀតឱកាសមុនថ្ងៃផ្សព្វផ្សាយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនខាងលើនេះ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ជៀង អំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យមើលវឌ្ឍនភាពការសាងសង់វិមានឯករាជ្យមានទីតាំងនៅព្រលានយន្តហោះចាស់ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង បើតាមលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី បានបញ្ជាក់ប្រាប់ក្រុមការងារ នៅរសៀលថ្ងៃដដែលថាសំណង់វិមានឯករាជ្យនឹងរួចរាល់នៅខែវិច្ឆិកា ឆ្នាំ២០២៣៕