(ពោធិ៍សាត់)៖ បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈពេល៧ថ្ងៃរួចមក នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ សពលោក ខូយ សុខា សមាជិកគណៈកម្មាធិការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភាជាតិ និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ (អតីតអភិបាលខេត្តពោធិ៍សាត់) នឹងត្រូវបានក្រុមគ្រួសាររៀបចំពិធីដង្ហែចេញពីគេហដ្ឋាន ផ្លូវលេខ១០២ ក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឆ្ពោះទៅបញ្ចុះនៅទីបញ្ចុះសព ស្ថិតក្នុងភូមិផ្លូវពោធិវង្ស ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ពិធីដង្ហែសពលោក ខូយ សុខា ក៏មានការនិមន្ត និងអញ្ជើញចូលរូមពីសំណាក់ ព្រះព្រហ្មាភិរ័ត្ន កែវ រតនៈ កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តពោធិ៍សាត់ គណៈមហានិកាយ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា មរណភាពរបស់លោក ខូយ សុខា គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ។ ជាពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។

លោក ខូយ សុខា បានទទួលមរណភាព កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ៕