(កំពង់ធំ)៖ សមិទ្ធផលនានាក្នុងវត្តកងមាស ស្ថិតក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីឆ្លងយ៉ាងអធិកអធម ក្រោមការដឹកនាំរបស់លោក នី ផល្លី អនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងប្រធានក្រុមការងារបក្សប្រជាជនចុះជួយឃុំត្នោតជុំ និងលោកស្រី ហេង ពិសី ព្រមទាំងសប្បុរសជន និងសហការី ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងឃុំ។

វត្តមានរបស់លោក នី ផល្លី គឺតំណាងលោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក។ ពិធីនេះប្រារព្ធឡើងនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវត្តកងមាស ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នាឱកាសនោះ លោក នី ផល្លី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលបាននូវសុខសន្តិភាព ការរីកចម្រើននៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើនគ្រប់ទិសទី រួមទាំងសមិទ្ធផលជាច្រើនក្នុងវត្តកងមាសដែលបានកសាងឡើង និងរៀបចំពិធីឆ្លងនាថ្ងៃនេះ។

បន្ថែមពីនោះ លោកបានលើកឡើងនូវពាក្យស្លោក «សាសនារស់ក្នុងសន្តិភាព» និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាក្នុងការចូលរួមបម្រើ ថែរក្សា និងការពារសន្តិភាព ដើម្បីធានាដល់និរន្តរភាព និងវិបុលភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សារនយោបាយខាងលើដែលថ្លែងដោយលោក នី ផល្លី ប្រធានក្រុមការងារបក្សប្រជាជនចុះជួយឃុំត្នោតជុំ ទទួលបានការសារទរ និងគាំទ្រយ៉ាងក្លាវក្លាពីអង្គពិធីក្នុងការបន្តចូលរួមថែរក្សាសន្តិភាព៕