(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ លើការសិក្សាអប់រំ ស្រាវជ្រាវ ផ្លាស់ប្តូរ និងចែករំលែកព័ត៌មានបច្ចេកវិទ្យា និងលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក​ ដើម្បីគ្រប់គ្រងការផលិត និងចែកចាយទឹកស្អាត តាមបច្ចេកវិទ្យាថ្មី​។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ បានរៀបចំឡើងនៅស្ថានទូតបារាំងប្រចាំ​កម្ពុជា នារសៀលថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២៣ តំណាងដោយលោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។​ ​

តាមរយៈអនុស្សារណៈយោគយល់គ្នានេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងធ្វើការគាំទ្រដល់ការបណ្តុះបណ្តាលជាអាជីព រយៈពេលខ្លី មធ្យម និងវែង លើជំនាញមួយចំនួនដូចជា ដំណើរការ​ថែទាំប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត និងដំណើរការថែទាំប្រព័ន្ធចែកចាយទឹកស្អាត ដល់មន្រ្តី និយោជិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឬនិស្សិតដែលរៀនមុខវិជ្ជាទាក់ទងនឹងវារីសាស្រ្ត និងទឹកស្អាត។ ​

ជាមួយគ្នានេះ ភាគីទាំងពីរ នឹងលើកនិងអនុវត្តគម្រោងសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ក៏ដូចជាការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន និងសម្ភារបរិក្ខាផ្នែកអប់រំ និងស្រាវជ្រាវផ្សេងៗ ​ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍រវាងមន្រ្តីថ្នាក់ដឹកនាំ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសាស្រ្តាចារ្យទៅលើនវានុវត្តន៍ថ្មីៗ នៃបច្ចេកទេស និងបច្ចេកវិទ្យាពាក់ព័ន្ធនឹងវិស័យទឹកស្អាត។

អនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងព្រមគ្នានឹងកម្មវិធីខួប៣០នៃទំនាក់ទំនងរវាង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ជាមួយ​ប្រទេសកម្ពុជា។ ក្នុងពិធីនេះ ក៏មានរៀបចំជាស្តង់បង្ហាញសមិទ្ធផលនៃគម្រោងដែលស្ថិតក្រោមហិរញ្ញប្បទាន AFD កន្លងមក ​និងការរៀបចំបង្ហាញគុណភាពទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដាក់ជូនភ្ញៀវជាតិនិងអន្តរជាតិ ពិសារដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេទៀតផង៕