(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង និងក្នុងនាមក្រុមការងារជំរុញការអនុវត្តបង្រ្កាបល្បែងស៊ីសងខុសច្បាប់ នៅស្រុករំដួល បានណែនាំដល់អាជ្ញាធរ កងកម្លាំងទាំងបី ត្រូវបន្តបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យបានដូចភ្លៀងរលឹម ដើម្បីធានាឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព គ្មានល្បែងស៊ីសងខុសច្បាប់កើតមានឡើង នៅតាមមូលដ្ឋានភូមិ ឃុំ នៅក្នុងភូមិសាស្រ្តស្រុករំដួល ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិទាំង៧យ៉ាង ហើយការងារនេះ ត្រូវធ្វើសកម្មភាពជាប់ជាប្រចាំផងដែរ។

ការថ្លែងបែបនេះ របស់លោក រស់ ផារិទ្ធ បានធ្វើឡើងខណៈដែលលោកដឹកនាំកិច្ចប្រជុំជំរុញ និងពង្រឹងការបង្រា្កបល្បែងស៊ីសងខុសច្បាប់ នៅសាលប្រជុំសាលាស្រុករំដួល នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោក ហែម ស៊ីណា អភិបាលស្រុករំដួលកងកម្លាំងទាំង៣ប្រភេទ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកអភិបាលរងខេត្តស្វាយរៀង បានថ្លែងបន្តថា ដើម្បីអនុវត្តការបង្ក្រាបល្បែងស៊ីសងឲ្យមានប្រសិទ្ធភាពខ្ពស់ មន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវមានកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានកងកម្លាំងទាំងបីជាសេនាធិការ និងការចូលរួមរបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់នាពេលកន្លង ត្រូវធ្វើការងារនេះឲ្យខាងតែបាន និងមានប្រសិទ្ធភាព៕