(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អាជ្ញាធរក្រុង/ស្រុក និងមន្ទីរពាក់ពន្ធក្នុខេត្តទាំងអស់ ចូលរួមផ្សព្វផ្សាយឲ្យបានទូរលំទូលាយបំផុត នូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សាលារៀន នៅទីប្រជុំជន តាមដែលអាចធ្វើទៅបានឲ្យអស់ពីសមត្ថភាពទូរទាំងខេត្តព្រះសីហនុ (បើកបរគោរពច្បាប់ចរាចរណ៍ គោរពភ្លើងស្តុប ពាក់មួកសុវត្ថិភាព ពាក់ខ្សែរក្រវ៉ាត់ បើកបរមិនលើសល្បឿនកំណត់ ដែលមាននៅលើស្លាកសញ្ញាតាមដងផ្លូវទាំងក្នុងក្រុង និងនៅជនបទ)។

ជាពិសេស អភិបាលខេត្តបានណែនាំអាជ្ញាធរ និងមន្ត្រីជំនាញត្រូវចុះស្រង់ស្ថិតិក្នុងឃុំ/សង្កាត់ រកមើលចំពោះម៉ូតូ រថយន្តកែរច្នៃ និងរថយន្តដែលចាស់ៗ ដែលមិនមានភ្លើងស្តុបសញ្ញាត្រឹមត្រូវ គ្មានស្ទីគ័រចំណាំងផ្លាតទាំងឡាយណា សូមធ្វើការណែនាំដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ហើយផ្តល់ជូននៅស្លាកសញ្ញា ដែលមានចំណាំងផ្លាតជូនប្រជាពលរដ្ឋ យកទៅបិត ដើម្បីងាយស្រួលអ្នកធ្វើដំណើរយប់ព្រលប់ដទៃទៀត ក្នុងមើលឃើញពីចំងាយពេលបើកបរ។

ការថ្លែងបែបនេះ នៅក្នុងពិធី បើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក គួច ចំរើន អភិបាលខេត្ត បានថ្លែងថា វិធានការបែបនេះ ជារួមក្នុងគោលបំណងចង់រក្សាបាននូវសុខសុវត្តិភាពនៅពេលធ្វើដំណើរទាំងអស់គ្នា ដើម្បីជៀសវាងពីការកើតឡើង នូវគ្រោះថ្នាក់ណាមួយជាយៈថាហេតុនៅតាមដងផ្លូវ គេចផុតពីគ្រោះថ្នាក់ធ្ងន់ ឆ្លងផុតពីការគ្រោះថ្នាក់ ដល់បាត់បង់ជីវិតរបស់បងប្អូនទាំងអស់គ្នា។

លោកបានបន្តថា ដោយមួយរយៈពេលពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺមានចំនួនអ្នកស្លាប់ រហូតដល់១៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មានអ្នករងរបួសជាច្រើនអ្នក និងខូចខាតទ្រព្យសម្បិត្ត(ម៉ូតូ យានយន្ត) ជាច្រើនមិននឹកស្មានដល់ វាកើតឡើងដោយសារតែការធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ មិនយោគយល់ក្នុងបើកបរ ឲ្យគ្នាទៅវិញទៅមក៕