(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី បានឱ្យដឹងថា នៅឆ្នាំ២០២២កន្លងទៅនេះ ក្រសួងយុត្តិធម៌ បានវិភាជន៍កញ្ចប់ថវិកាសរុប ២,៦០០លានរៀល ទៅគណៈមេធាវី ដើម្បីចំណាយលើគម្រោងការពារក្តីជូនជនក្រីក្រតាមផ្លូវច្បាប់ និងទទួលការពារក្ដីសរុប ៦,១៥៦សំណុំរឿង។

របាយការណ៍នេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងដែរថា នៅឆ្នាំ២០២២កន្លងទៅ ក្រសួងយុត្តិធម៌ តាមរយៈមេធាវី បានទទួលប្រឹក្សា​យោប​ល់​ផ្នែកច្បាប់ចំនួន ៤៥៦ករណី, ផ្តល់សេវាផ្លូវច្បាប់ និងសេវាពាក់ព័ន្ធដល់ប្រជាពលរដ្ឋ​នៅក្នុងខេត្តចំនួន១០ បានសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ មានសំណុំរឿងក្តីស្ត្រីចំនួន ១,៤២៤ករណី នៃចំនួនករណីសរុប ៣,២០៧ និងប្រឹក្សាយោបល់ផ្នែកច្បាប់ សរុប ១,៥៤៩ករណី មានសំណុំរឿងស្ត្រីចំនួន ៨៥០ករណី។

បន្ថែមពីលើនោះ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ក៏បានផ្តល់សេវាជំនួយផ្នែកច្បាប់ ដើម្បីការពារសិទ្ធិស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាសរុបចំនួន ៣១៣ករណី ក្នុងនោះ ទទួលការពារក្តីមានចំនួន ២៣៤ករណី សំណុំរឿងក្ដីអនីតិជនចំនួន ២១៧ករណី និងសំណុំរឿងក្តីបញ្ចប់រួចរាល់មាន ៤៧ករណី។

ក្រសួងសុខាភិបាល ក៏បានផ្តល់សេវាសុខាភិបាលដល់ស្រ្តីរងគ្រោះ ៤៥១ នាក់ ក្នុងចំណោមជនរងគ្រោះ ៤៥៣នាក់ នៅតាមមណ្ឌលសុខភាព និង​មន្ទីរពេទ្យ។ ផ្តល់សេវាធ្វើកោសលវិច័យជូនជនរងគ្រោះជាស្ត្រី និងក្មេងស្រី ចំនួនសរុប ២៧៦ ដោយលើកលែងការបង់ថ្លៃសេវា និងផ្ញើទៅតុលាការ។

បន្ថែមពីលើនោះ ក្រសួងកិច្ចការនារី បានសម្របសម្រួល និងផ្តល់សេវាដល់ ស្រ្តីរងគ្រោះ និងក្មេងស្រី នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ និងផ្លូវចិត្ត ដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញ ១៤៩ករណី។

ក្រុមប្រឹក្សាជាតិ ដើម្បីស្ត្រី ក៏បានបង្កើតបណ្តាញផ្តល់សេវាចម្រុះ (One stop service) ជួយស្រ្តីរងគ្រោះដោយ​អំពើហិង្សាបានដំណើរការនៅខេត្តចំនួន៩ នៅក្នុងស្រុកចំនួន ៣៩។ រីឯកន្លែងផ្តល់សេវាចំរុះជួយជនរងគ្រោះ បានដំណើរ ការនៅតាមមន្ទីរពេទ្យចំនួន៤ (កំពង់ចាម ស្ទឹងត្រែង ត្បូងឃ្មុំ និងព្រះវិហារ) និងបន្តពង្រីកទៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង៕