(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផារី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី បានឱ្យដឹងថា​ នៅឆ្នាំ២០២២ កន្លងទៅនេះ មានស្ត្រីខ្មែរជិត ៤ពាន់នាក់ ត្រូវបានជួយឱ្យត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។ ក្នុងនោះមានស្ត្រីរងការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ២២៦នាក់។

លោកស្រី បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងពិធីនោះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ បានផ្ដល់កិច្ចអន្តរាគមន៍ដល់ពលករ ពលការិនីទៅធ្វើការនៅក្រៅប្រទេស រួមមាន៖ បន្តពង្រឹងការគ្រប់គ្រង និងតម្រង់ទិសក្រុមហ៊ុនក្នុងការបញ្ជូនពលករ ពលការនីទៅធ្វើការនៅបរទេស ដោយចុះអប់រំណែនាំមុនពេលចេញដំណើរ។ ក្នុងនោះចំនួនពលករ ពលការិនីខ្មែរ ដែលចេញទៅធ្វើការនៅបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន និងតាមរយៈរដ្ឋ និងរដ្ឋមាន ៣៣,៧៤២នាក់ នារី ១៣,០០៥នាក់។

លោកស្រី បានឱ្យដឹងថា ក្រសួងបានធ្វើអន្តរាគមន៍ជួយស្ត្រីខ្មែរឱ្យវិលត្រឡប់មកកម្ពុជាចំនួនសរុប ៣,៦៩៣នាក់ ដោយសហការជា ជាមួយអាជ្ញាធរមានសមត្ថកិច្ច តំណាងកម្ពុជានៅបរទេស អាជ្ញាធរនៃប្រទេសគោលដៅ និងដៃគូកិច្ចសហប្រតិបត្តិការនានា។

ក្រសួងក៏បានទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ដែលបានធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសនានាសរុប ២៩០នាក់ ស្ត្រី ២២៦នាក់។ ក្នុងនោះបានធ្វើសមាហរណកម្មត្រឡប់ទៅសហគមន៍វិញ ចំនួន ១០១នាក់ ស្ត្រី ៨៥នាក់។

ជាមួយគ្នានោះ ជនរងគ្រោះ និងជនងាយរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ២,២៤១នាក់ ស្ត្រី ១,៦០៤នាក់ ត្រូវបានបញ្ចូនទៅស្ដារនីតិសម្បទានៅមជ្ឈមណ្ឌលអង្គការដៃគូ៕