(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី ព្រមទាំងមន្រ្តីក្រោមឱវាទ បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ សម រង្ស៉ី ដែលបានបន្តធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ម្តងហើយម្តងទៀតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ។

ក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ ទ្រង់ជាព្រះនិមិត្តរូប​នៃឯកភាពជាតិនិងនិរន្តរភាពជាតិ និងទ្រង់តែងតែ គោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ត្រឹមត្រង់តាមស្មារតីនៃរដ្ឋធម្មនុញ្ញ​និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយ ព្រះអង្គតែងគង់ប្រថាប់ជាម្លប់​ដ៏ត្រជាក់​នៃប្រជាជាតិនិងប្រជារាស្ត្រខ្មែរ។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បញ្ជាក់សាជាថ្មីថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​បានចែងយ៉ាងច្បាស់ថា អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។

ការថ្កោលទោសនេះ បានធ្វើឡើង បន្ទាប់ពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានចេញសារថ្មីមួយទៀត ពាក់ព័ន្ធព្រះរាជអំពាវនាវរបស់ព្រះមហាក្សត្រ ឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត។ សាររបស់ទណ្ឌិត សម រង្ស៉ី មានចរិតប្រមាថធ្ងន់ធ្ងរដល់ព្រះចេស្តារបស់ព្រះមហាក្សត្រ៕