(ភ្នំពេញ)៖ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៣ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចពិភាក្សា ស្តីពី «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០»

កិច្ចពិភាក្សានេះបានដឹកនាំដោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ហើយដោយមានសម្របសម្រួលកម្មវិធីដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានការបកស្រាយពីវាគ្មិនចំនួន ៤នាក់ រួមមានលោកស្រី មុំ ចន្ទី នាយិការង នាយកដ្ឋានសុខភាព, លោកស្រី គឹម រ័ត្ននា នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងស្ត្រីជាម្តាយ២រូប លោកស្រី ស៊ា សំភា និងលោកស្រី គៀត សូហ្វីយ៉ា។

កិច្ចពិភាក្សានេះបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តំណាងមន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សិល្បៈការរិនី គរុសិស្ស សរុបចំនួន ១០៥នាក់។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សានេះ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ និងជាការរម្លឹកដល់ថ្ងៃដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលនូវគោរមងារ ពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ និងពង្រីកការអប់រំផ្សផ្វផ្សាយ»

សូមជម្រាបថា មុននឹងឈានដល់ដំណើរការនៃកិច្ចពិភាក្សាខាងលើនេះ អ្នកសម្របសម្រួល និងវាគ្មិនទាំង ៤នាក់ ព្រមទាំងអ្នកចូល បានត្រងត្រាប់ស្តាប់នូវខ្លឹមសារគន្លឹះសំខាន់ៗនៅក្នុងមតិបើកកម្មវិធីរបស់ លោកស្រីអគ្គលេខាធិការបានគូសបញ្ជាក់ថា ប្រធានបទនៃកិច្ចពិភាក្សានេះ គឺស្របទៅនឹងប្រធានបទរបស់ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៣ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងនាមជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។

ក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញពីស្ថានភាពសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា នៅក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ-១៩ រួមជាមួយនឹងអ្វីដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននឹងកំពុងរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពស្រ្តី និងកុមារ ឈានឆ្ពោះការសម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាព ឆ្នាំ២០៣០៕