(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផារី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី បានឱ្យដឹងថា​ ក្នុងវិស័យ​សេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកខ្ពស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។ ក្នុងនោះកម្លាំងពលកម្មជាស្រ្តីមានប្រមាណ ៨៤ភាគរយ ហើយស្ត្រីប្រមាណ ៦១ភាគរយ ជាម្ចាស់អាជីកម្ម ឬអ្នកធ្វើធុរកិច្ច ដែលជា​អត្រា​ខ្ពស់ក្នុងតំបន់។

លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងពិធីនោះ លោកស្រី អ៉ឹង កន្ថាផាវី បានឱ្យដឹងដែរថា នៅក្នុងវិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ស្ត្រីជាសហគ្រិន បានរួមចំណែកបង្កើតការងារ និងធុរកិច្ច មានចំនួនរហូតដល់ ៧,៧៧៨ មូលដ្ឋាន នៃសហគ្រាសចុះបញ្ជីស្របច្បាប់ចំនួន ៤៣ ,៩៩៧មូលដ្ឋាន មានកម្លាំងពលកម្មស្ត្រីចំនួន ១២៦.១៦៩នាក់ (ស្មើ២៨%) នៃកម្លាំងពលកម្មសរុបចំនួន ៤៥១,០២៤នាក់។ នៅឆ្នាំ២០២២ រោងចក្រដែលចុះបញ្ជីស្របច្បាប់សរុប ១,៩៦២ មូលដ្ឋាន និងមានកម្លាំងពលកម្មសរុប ១,០៤៤,៩២៦នាក់ ក្នុងនោះ កម្លាំងពលកម្មជាស្រ្តីមាន ៧៥.៧ភាគរយ។

លោកស្រី បានឱ្យដឹងទៀតថា នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០ភាគរយ ទៅ ២២ភាគរយ និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០ភាគរយ ទៅ ៣២ភាគរយ។

លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគូសរំលេចដែរថា នៅក្នុងវិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យបរិស្ថាន មានភាពប្រទាក់ក្រឡាគ្នាក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចរយៈពេលវែង បានបង្កើនផលិតភាពកសិកម្ម ការបង្កើតការងារ និងមុខរបរក្រៅពីកសិកម្ម និងប្រាក់ចំណូលគ្រួសារ និងសហគមន៍។ ក្នុងនោះវិស័យទេសចរណ៍ បានផ្ដល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋ ក្នុងនោះ កម្លាំងពលកម្មស្ត្រីមានប្រមាណ ៦០ភាគរយ។

លោកស្រីរដ្ឋមន្ត្រី បានលើកឡើងដែរថា ការអភិវឌ្ឍសហគមន៍កសិកម្មចម្រុះ និងក្រុមផលិត មានសារៈសំខាន់សម្រាប់ស្រ្តី​ ក្នុងការ​ទទួល​បានការអភិវឌ្ឍសមត្ថភាពលើជំនាញផលិតកម្ម និងការគ្រប់គ្រងអាជីវកម្មនៅតាមសហគមន៍នីមួយៗ។ ការអភិវឌ្ឍវិស័យ​បរិស្ថាន បាននាំមកនូវផលប្រយោជន៍សម្រាប់ស្រ្តី និងគ្រួសារកសិករជាច្រើនក្នុងការបង្កើនប្រាក់ ចំណូលផ្អែកលើធនធាន​ធម្មជាតិសម្បូរបែប តាមរយៈការផ្តល់សេវាអេកូទេសចរណ៍នៅតាមសហគមន៍តំបន់ការពារធម្មជាតិ៕