(ភ្នំពេញ)៖ លោកស្រី អ៉ឹង កន្ថាផារី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី បានឱ្យដឹងថា​ គិតត្រឹមឆ្នាំ២០២១ អាត្រាមន្ត្រីរាជការជាស្ត្រីមាន ៤២ភាគរយ ធៀបនឹងចំណុចគោលដៅ ៤៨ភាគរយ នៅឆ្នាំ២០២៣ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។

លោកស្រី បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងពិធីនោះ លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសមាមាត្រស្ត្រីក្នុងមុខងារសាធារណៈ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងការងារ។ ក្នុងនោះអាត្រាស្ត្រីទទួលបានមុខតំណែងក្នុងរចនាសម្ព័ន្ធ រដ្ឋបាលថ្នាក់ជាតិថ្នាក់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិថ្នាក់រាជធានី ខេត្ត ស្រុក ខណ្ឌ ចាប់ពី ថ្នាក់ការិយាល័យ រហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ មានប្រមាណ ២៦ភាគរយគិតត្រឹមឆ្នាំ២០២១។ សិ្ថតិនេះបង្ហាញពីគម្លាតយេនឌ័រ ដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀត។

ចំណែកអត្រាមន្ត្រីរាជការជាស្ត្រីដែលចូលនិវត្តន៍ក្នុងឆ្នាំ២០២២ ចំនួន ៧៥៥នាក់ នៃមន្ត្រីដែលចូលនិវត្តន៍សរុប ១,២៣៥នាក់។ ជនមានពិការភាពដែលបម្រើការងារនៅតាមស្ថាប័នរដ្ឋមានប្រមាណ ១.២ភាគរយ នៃចំនួនមន្ត្រីរាជការសរុប។

នៅក្នុងរចនាសម្ព័ន្ធថ្នាក់ឃុំ-សង្កាត់ ស្ត្រីជាមេឃុំ ចៅសង្កាត់ មាន ១៧៣រូប (កើន ១០.៤៧ភាគរយ) ក្នុងចំណោម ១,៦៥២រូប។ ស្រ្តីជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ បានកើនពី ១៧.៧% នៅឆ្នាំ២០១៧ ដល់ ២២ភាគរយ នៅឆ្នាំ២០២២។

លោកស្រីរដ្ឋមន្ត្រី បានឱ្យដឹងដែរថា ការតែងតាំងមុខតំណែងមន្ត្រីរាជការជាស្ត្រីក្នុងវិស័យការបរទេស ប្រចាំការនៅក្រៅប្រទេសមានចំនួន ៦៨រូប។ ក្នុងនោះមុខតំណែងជាឯកអគ្គរាជទូតមានចំនួន ០៦រូប ប្រចាំប្រទេសវៀតណាម, ឡាវ, ចិន, អាល្លឺម៉ង់, សារធារណរដ្ឋកូរ៉េ និងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងញូវយ៉ក។

លោកស្រីរដ្ឋមន្ត្រី ក៏បានឱ្យដឹងពីចំនួនកងទ័ពមួកខៀវជាស្ត្រី ដែលត្រូវបានបញ្ជូនបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេសផងដែរ។ លោកស្រី បានឱ្យដឹងថា យោធិននារីទៅចូលរួមថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន មានចំនួន ៦៤៧នាក់ នៃកងកម្លាំងថែរក្សាសន្តិភាពសរុប ៨,៦៧៤នាក់។ ឆ្នាំ២០២២ យោធិននារី ១២៤នាក់ នៃចំនួនសរុប ៧៧៣នាក់ បានបញ្ចូនទៅចូលរួមកងកម្លាំងបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសលីបង់ សាធារណៈរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល និងម៉ាលី៕