(ក្រចេះ)៖ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសហការជាមួយក្រុមប្រឹក្សាឃុំសំបុក ស្រុកចិត្របុរី នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ និងលោកមេភូមិពាក់ព័ន្ធ ដើម្បីកោះហៅមុខសញ្ញាឆក់ត្រីតាមដងទន្លេមេគង្គ ក្នុងតំបន់កាំពីចំនួន២១នាក់ មកប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល ឲ្យបញ្ឈប់ការធ្វើនេសាទខុសច្បាប់។

យោងតាមអនុក្រឹត្យលេខ១៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ណែនាំ អប់រំ​ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ ការធ្វើនេសាទខុសច្បាប់ ដោយត្រូវប្រគល់ វត្ថុតាងនៃបទល្មើស (អាំងវែកទ័រឆក់ត្រី) ឲ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដើម្បីរួចផុតពីការកសាងសំណុំឯកសារបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់ស្តីពីជលផលជាធរមាន។

លោក ម៉ុក ពន្លក នាយខណ្ឌជលផលក្រចេះ បានឲ្យដឹងថា ការកោះហៅមុខសញ្ញាឆក់ត្រីមកអប់រំណែនាំនោះ ដោយមានការចូលរួមពី លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងជាប្រធានគណៈកម្មការ គ្រប់គ្រងការពារ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ថ្នាក់ ស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក អធិការរងនគរបាលស្រុក លោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ មន្ត្រីនគរបាលការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ។

លោកបញ្ជាក់ទៀតថា ក្រោយពីទទួលបានការផ្សព្វផ្សាយអប់រំណែនាំ ពីមន្ត្រីខណ្ឌរដ្ឋបាលជលផល និងលោកអភិបាលស្រុកចិត្របុរី រួចមក មុខសញ្ញាឆក់ត្រីចំនួន១៦នាក់ ដែលមានវត្តមានក្នុងកិច្ចប្រជុំ បានយល់ព្រមផ្តិតមេដៃ ក្នុងកិច្ចសន្យា ឈប់ប្រព្រឹត្តបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា៖ ឆក់ត្រី ដាក់មង និងសន្ទូចរនង ដែលបង្កមហន្តរាយដល់ជីវិតសត្វផ្សោត ចាប់ពីពេលនេះតទៅ ហើយបានប្តេជ្ញាថា នឹងចូលរួមជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីថែរក្សាការពារ និងអភិរក្សសត្វផ្សោត ឲ្យបានស្ថិតស្ថេរគង់វង្ស។

ក្នុងឱកាសអប់រំណែនាំនោះដែរ បុរសម្នាក់ ឈ្មោះ យឿង ម៉ាច ដែលជាមុខសញ្ញាឆក់ត្រី យ៉ាងសកម្មតាមដងទន្លេមេគង្គ បានសម្រេចចិត្តយកអាំងវែកទ័រឆក់ត្រី១គ្រឿង មកប្រគល់ជូនក្រុមប្រឹក្សាឃុំ និងសមត្ថកិច្ចផងដែរ៕