(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ចើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាជនជាតិព័រចំនួន១០០គ្រួសារ ស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូតខេត្តបាត់ដំបង។

លោក សុខ លូ បានថ្លែងថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទាំងនេះ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាជនជាតិព័រសរុប១០០គ្រួសាររស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

ស្ថិតក្នុងបរិយាកាសដ៏ស្និទ្ឋស្នាលជាមួយប្រជាពលរដ្ឋ លោកប្រធានគណៈកម្មាធិការសាខា បាននាំនូវព្រះរាជបណ្តាំពី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។

ជាមួយនឹងការផ្តល់អំណោយសម្រាល ការលំបាកទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដូច្នេះតាមរយៈក្នុងអង្គពិធីថ្ងៃនេះ លោកជំទាវ អគ្គលេខាធិការរងទី១ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន រស់នៅមានអនាម័យល្អ។

ចំពោះ ស្ត្រីមានកូនតូច ឬមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឲ្យបាន ៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើបងប្អូនមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅជិតបំផុតឲ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។

លោកប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថា សម័យកាលមុនមានបងប្អូនយើងជាច្រើន បានរងគ្រោះធ្លាក់ខ្លួនពិការ ដោយសារសង្គា្រម តែបច្ចុប្បន្ននេះ យើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឲ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

ទន្ទឹមនឹងនេះ លោកប្រធាន បានបញ្ជាក់ថា បងប្អូនរស់នៅក្នុងប្រទេសមានសន្តិភាពហើយ ត្រូវខិតខំកសាងសុភមង្គលគ្រួសារ ដោយមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ និងសូមជៀសវាងការប្រព្រឹត្តទង្វើគ្រប់បែបយ៉ាងដែលនាំឲ្យ ការកើតមាន អំពើហិង្សាក្នុងគ្រួសារ។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមកាលកំណត់ឱ្យបានគ្រប់ៗគ្នា បើទោះបីជាប្រទេសយើង បានឆ្លងផុត ពីគ្រោះថ្នាក់នៃជំងឺនេះក៏ដោយ តែពិភពលោកទាំងមូលមិនទាន់លុបបំបាត់ជំងឺនេះទាំងស្រុងនោះឡើយ ដូច្នេះត្រូវនាំគ្នាការពារទើបប្រសើរ។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។ សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៉ីវ១យួរ, ទឹកបរិសុទ្ធ១កេស និង ត្រីខ១០កំប៉ុង, ផងដែរ។

ក្នុងដំណើរបេសកកម្មចែកអំណោយមនុស្សធម៌នេះដែរ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តក៏បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅ វត្តភ្នំរៃ ឃុំតាតោក ស្រុកសំឡូត រួមមាន ៖ អង្ករ ២០០គីឡូក្រាម,មី ៥កេស, ត្រី៥កេសទឹកត្រី៥យួ, ទឹកស៉ីអ៉ីវ៥យួរ, ទឹកសុទ្ធ ១០កេស, និងថវិកាមួយចំនួនផងដែរ៕