(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាតឱ្យលោក រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍​របស់បារាំង (AFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចការអភិវឌ្ឍន៍មួយចំនួននៅកម្ពុជា។

ជំនួបនេះ បានធ្វើឡើងនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង បានធ្វើសកម្មភាពនៅកម្ពុជារយៈពេល ៣០ឆ្នាំមកហើយ លើការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ចាប់តាំងពីមានវត្តមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៣មក ទីភ្នាក់ងារ AFD បានគាំទ្រដល់គម្រោងអភិវឌ្ឍន៍របស់កម្ពុជា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង និងប្រកបដោយនិរន្តរភាពសម្រាប់ជាប្រយោជន៍ដល់ប្រជាជនទូទៅ។

កម្មវិធីវិនិយោគនានា ដែលផ្តល់ហិរញ្ញប្បទានដោយ AFD ត្រូវបានបង្កើតឡើង និងអនុវត្តជាមួយដៃគូជាច្រើន ដែលជួយឱ្យប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវសេវាកម្មមូលដ្ឋានផ្សេងៗដូចជា ពង្រឹងការគ្រប់គ្រងធនធានទឹក រួមចំណែកក្នុងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការកសាងធនធានមនុស្ស និងការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព។

AFD ក៏បានធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវនានា និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនផងដែរ។ រយៈពេល ៣០ឆ្នាំកន្លងមកនេះ ក្រុមការងារ AFD បានរួបរួមគ្នាគាំទ្រដល់ផែនការអភិវឌ្ឍន៍របស់កម្ពុជា និងធ្វើសកម្មភាពរួមគ្នាជារៀងរាល់ថ្ងៃ ដើម្បីពិភពលោករួមមួយ៕