(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃការចូលរួមការពាររបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ របស់កម្ពុជា នៅទីក្រុងហ្សឺណែល ប្រទេសស្វីស។
បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រតិភូកម្ពុជាដឹកនាំដោយលោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាតំណាងឱ្យលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូពី គ.ស.ម.ក. និងគណៈប្រតិភូអន្តរក្រសួងរួមមាន៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកា សញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដែលជារបាយការណ៍ផ្គួបលើកទី៥ ទី៦ និងទី៧ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៧៣ នៃគណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។
ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌អង្គការសហប្រជាជាតិ ដែលត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្តង សម្រាប់តាមដាននិងការធ្វើឱ្យប្រសើឡើងនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ដែលជាសមាជិក។ ការពិនិត្យរបាយការណ៍នេះ គឺជាព្រឹត្តិការណ៍មួយដែលបានធ្វើឡើងក្នុងទម្រង់ជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) រវាងគណៈប្រតិភូនៃរដ្ឋភាគី និងសមាជិក សមាជិកា នៃគណៈកម្មាធិការក្នុងគោលបំណងចែករំលែក ឬផ្លាស់ប្តូរនូវការអនុវត្តល្អៗ បទពិសោធន៍ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមនានា ព្រមទាំងទិសដៅការងារសម្រាប់ថ្ងៃអនាគត ដើម្បីធានានូវការអនុវត្តនិងការគោរពតាមបទប្បញ្ញត្តិនៃ ICESCR នៅក្នុងរដ្ឋភាគី។
កិច្ចសន្ទនានេះត្រូវបានរៀបចំឡើងចំនួន៤ផ្នែក៖
*ដោយផ្នែទី១ ផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ១) កិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ (២) ជនជាតិដើមភាគតិច (៣) ការចុះបញ្ជីដីធ្លីរបស់ជនជាតិដើមភាគតិត (៤) វិធានការការប្រឆាំងអំពើពុករលួយ (៥) វិធានការ ឬគោលនយោបាយប្រឆាំងនឹងការរើសអើង និង(៦) សិទ្ធិស្ត្រី និងសមភាពយ៉នឌ័រ។
*ផ្នែកទី២ រួមមាន៖ (១) សិទ្ធិការងារ (២) ប្រាក់ឈ្នួលអប្បបរមា និងនីតិវិធីក្នុងការដោះស្រាយវិវាទការងារ (៣) អធិការកិច្ចការងារ (៤) សិទ្ធិសហជីព និង (៥) មូលនិធីសន្តិសុខសង្គម។
*ផ្នែកទី៣ រួមមាន៖ (១) ការប្រឆាំងអំពើជួញដូរមនុស្ស (២) សន្តិសុខស្បៀង (៣) សណ្តាប់ធ្នាប់សាធារណៈ និងលំនៅដ្ឋាន (៤) ការបណ្តេញចេញនិងការផ្លាស់ទីលំនៅដោយបង្ខំ (៥) ការផ្គត់ផ្គង់ទឹក (៦) សុខភាព និង (៧) ក្រមខណ្ឌច្បាប់ស្តីពីសុខភាពផ្លូវចិត្ត។
និងផ្នែកទី៤ រួមមាន៖ (១) សិទ្ធិទទួលការអប់រំ និង(២) សិទ្ធិវប្បធម៌។
តាមរយៈសេចក្តីប្រកាសព័ត៌មានដដែរ បានគូសបញ្ជាក់ថា គណៈប្រតិភូបានពន្យល់បកស្រាយលំអិតទៅតាមផ្នែកនីមួយៗ ដោយលើកឡើងនូវកិច្ចខិតខំប្រឹងក្រមខណ្ឌច្បាប់គោលនយោបាយប្រែងជាវិជ្ជមានរបស់រាជរដ្ឋាភិបាលកម្ពុជារួមមានទាំងក្រមខណ្ឌស្ថាប័នការរៀបចំលិខិតបទដ្ឋានគតិយុត្តនិងយុទ្ធសាស្ត្រនានា រួមទាំងការអនុវត្តដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ។
បន្ថែមពីលើនេះ គណៈប្រតិភូក៏បានបង្ហាញផងដែរអំពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ និងបច្ចេកទេសពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ព្រមទាំងវឌ្ឍនភាព និងកិច្ចខិតខំប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ជាពិសេសក្នុងស្ថានភាពកូវីដ១៩ និងការរក្សាបានូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ។ រួមជាមួយគ្នានេះដែរ សមាជិក សមាជិកានៃគណៈកម្មាធិការបានអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស និងបានផ្ដល់ជាអនុសាសន៍សម្រាប់ការអនុវត្តបន្ថែមទៀត ដើម្បីជំរុញឱ្យវិស័យសិទ្ធិមនុស្សនៅកម្ពុជា កាន់តែល្អប្រសើរថែមទៀត។
ជាការសន្និដ្ឋាន ដំណើរការនៃកិច្ចសន្ទនាបែបស្ថាបនានេះ បានផ្ដល់វេទិកាឱ្យកម្ពុជាដែលជារដ្ឋភាគីនៃ ICESCR ក្នុងការបង្ហាញនូវសមិទ្ធផលនានា ដែលសម្រេចបាន ពន្យល់ បកស្រាយចំពោះការចោទប្រកាន់ផ្សេងៗពាក់ព័ន្ធសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីបង្ហាញពីកម្ពុជាពិត ហើយក៏ជាឱកាសក្នុងការទទួលបាននូវអនុសាសន៍ពីអ្នកជំនាញសិទ្ធិមនុស្សផងដែរ៕