(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីបំភ្លឺ និងឆ្លើយតបចំនួន៥ចំណុច ជុំវិញការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹង លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដោយលើកឡើងពីខ្លឹមសារមួយចំនួនទាក់ទង សមត្ថកិច្ច គ.ជ.ប ក្នុងបំណងបំភាន់ទស្សនៈមហាជន និងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន។
តាមសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងន័យចៀសវាងការភាន់ច្រឡំ និងបាត់ទំនុកចិត្តមកលើការបោះឆ្នោតនៅកម្ពុជា គ.ជ.ប មានកាតព្វកិច្ចបំភ្លឺជូនដូចខាងក្រោម៖
ទី១៖ រាល់សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចរបស់សមាសភាព គ.ជ.ប ទាំងមូល ហើយប្រធាន គ.ជ.ប គ្រាន់តែជាអ្នកដឹកនាំរាល់ការប្រជុំ តាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។
ទី២៖ ការអត្ថាធិប្បាយថា «ក្រុមអ្នកសង្កេតការណ៍ឯករាជ្យទាំងជាតិ និងអន្តរជាតិវាយតម្លៃថា ការបោះឆ្នោតនេះ (ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២) មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ»។ តាមការពិត ក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។
បន្ថែមលើនេះ អង្គការសង្កេតការណ៍អន្តរជាតិភាគច្រើន ក៏បានចេញសេចក្តីថ្លែងការណ៍ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការនៃការរៀបចំការបោះឆ្នោត និងពិសេសបរិយាកាសល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកម្ពុជា ប្រព្រឹត្តទៅដោយជោគជ័យ ដោយសេរី យុត្តិធម៌ ដោយស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដារអន្តរជាតិ» និង «ការបោះឆ្នោត នៅកម្ពុជាបានដំណើរការតាមគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយជោគជ័យគួរឱ្យកត់សម្គាល់»។
ទី៣៖ ការលើកឡើងថា «ថ្នាក់ដឹកនាំ គ.ជ.ប ៧រូប ចេញមកពីគណបក្សប្រជាជនកម្ពុជា» គឺមិនត្រឹមត្រូវទេ។ សមាសភាព គ.ជ.ប ទាំង៩រូប បច្ចុប្បន្ន គឺឆ្លើយតបទាំងស្រុងទៅនឹងមាត្រា ១៥១ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ និងតាមជំពូកទី២ ផ្នែកទី១ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប។
ទី៤៖ ករណី គ.ជ.ប ដាក់ពាក្យបណ្តឹងប្រឆាំងនឹង លោក សុន ឆ័យ។ ការផ្តល់បទសម្ភាសរបស់ លោក សុន ឆ័យ ជាមួយលោក តាំង សារ៉ាដា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ គឺជាអំពើបរិហារកេរ្តិ៍ជាសាធារណៈ ស្របតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះទង្វើនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សអនុលោមតាមមាត្រា ១៥០ថ្មី (ពីរ)នៃរដ្ឋធម្មនុញ្ញ មាត្រា ៣ នៃច្បាប់ស្តីពីការៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការសម្រេចនាពេលកន្លងមករបស់តុលាការទាំង ៣ថ្នាក់ ពិតជាបានផ្តល់ នូវភាពស្អាតស្អំ កិត្តិយស និងសេចក្តីថ្លៃថ្នូរមក គ.ជ.ប ដែលជាស្ថាប័នកំពូលចែងក្នុងរដ្ឋធម្មនុញ្ញ។
និងទី៥៖ ការផ្ញើលិខិតមួយច្បាប់របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ទៅកាន់នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនមានអ្វីពាក់ព័ន្ធនឹងឯករាជ្យភាពរបស់ គ.ជ.ប ទេ ប៉ុន្តែជាការចូលរួមរបស់លោកក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានស្នាដៃ និងកិត្តិយសយ៉ាងធំធេងទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់ថ្នាក់ដឹកនាំឆ្នើមពិភពលោក» ប្រគល់ដោយវិទ្យាស្ថានយុទ្ធសាស្រ្តសម្រាប់អាស៊ីប៉ាស៊ីហ្វិក(KSI) ដែល ជាសច្ចភាពប្រវត្តិសាស្រ្ត និងដែលគ្មាននរណាអាចប្រកែកបាន។ ម្យ៉ាងទៀត មិនមានច្បាប់ណាបិទសិទ្ធិស្ថាប័ន ឯករាជ្យមិនឱ្យចូលរួមអបអរសាទរ និងជូនពរដល់ឥស្សរជនខ្មែរនោះទេ។
សម្រាប់ការបោះឆ្នោតនាពេលខាងមុខ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទិ្ធប្រជាធិបតេយ្យ សេរីពហុបក្ស។ ជាការពិត ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅបាន គ.ជ.ប មិនអាចធ្វើកិច្ចការងារនេះតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមពីបណ្តាភាគីពាក់ព័ន្ធ គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកបោះឆ្នោត សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ប្រទេសផ្តល់ជំនួយ អ្នកត្រួតពិនិត្យការបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមន្ត្រី បុគ្គលិកបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងជាពិសេសម្ចាស់ឆ្នោត។
គ.ជ.ប សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងគោរពតាមរាល់ឯកសារគតិយុត្តជាធរមាន ដើម្បីឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាស ស្ងប់ស្ងាត់ ប្រកបដោយសន្តិភាព សុវត្ថិភាព របៀបរៀបរយ និងគ្មានអំពើហិង្សា៕