(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គ្មានពេលណាដែលទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកល្អដូចពេលបច្ចុប្បន្ននេះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីហាលេក (Michael Michalak) នៅវិមានសន្តិភាព នាល្ងាចថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្តេចតេជោ បានជម្រាបទៅគណៈប្រតិភូថា គេអាចមើលឃើញភាពប្រសើរនៃទំនាក់ទំនងនេះ តាមរយៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់។ តាមរយៈការផ្លាស់ប្តូរពាណិជ្ជកម្មនេះ ប្រជាពលរដ្ឋអាមេរិក បានប្រើប្រាស់ផលិតផលផលិតនៅកម្ពុជា ហើយពលរដ្ឋកម្ពុជា មានការងារធ្វើ។
សម្តេចតេជោ បានលើកឡើងថា កម្ពុជា និងអាមេរិក ត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការធ្វើពាណិជ្ជកម្មជាមួយគ្នានេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងដែរថា លោក ម៉ៃឃើល មីហាលេក បានសម្តែងការអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ លោក មីហាលេក បានលើកឡើងថា តាមរយៈតួនាទីជាប្រធានអាស៊ាននេះ បានបង្កើនទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិកលើគ្រប់វិស័យ ហើយក៏បានលើកកម្ពស់ដល់ទំនាក់ទំនងអាមេរិក និងអាស៊ានផងដែរ។
ជាមួយគ្នានោះ លោក មីហាលេក ក៏បានជូនពរកម្ពុជា ឱ្យទទួលបាជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ក៏ដូចជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាខែកក្កដា។
ក្នុងជំនួបខាងលើនេះ គណៈប្រតិភូអាមេរិក-អាស៊ាន បានជម្រាបសម្តេចតេជោ ពីគោលបំណងរបស់ពួកគេទស្សនកិច្ចនៅកម្ពុជានាពេលនេះផងដែរ។
បើតាមលោក មីហាលេក បានឱ្យដឹងថា គោលបំណងមកកាន់កម្ពុជានាពេលនេះ គឺសម្តែងការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។ ក្នុងនោះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងស្វែងរកមធ្យោបាយកែលំអរលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងឧស្សាហកម្មដែលរងគ្រោះខ្លាំង ក៏ដូចជាលើកកម្ពស់វិស័យឯកជនរបស់អាមេរិក៕