(រតនគិរី)៖ ទិវាមានអត្ថន័យជាសកលនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសាលមហោស្រពរតនៈ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី។

លោក ញ៉ែម សំអឿន បានចាត់ទុកក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» ដែលជាការផ្តួចផ្ដើមឡើង ដោយក្រសួងកិច្ចការនារី ពិតជាមានអត្ថន័យ និងសារៈសំខាន់ឆ្លើយទៅនឹងបរិការណ៍សេដ្ឋកិច្ចសកល និងសង្គមទោះបីសកលលោក កំពុងប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩ក៏ដោយ។

ប្រធានបទនេះ បានបង្ហាញឲ្យឃើញថា ការចូលរួមរបស់ស្ត្រី ក្នុងកិច្ចអភិវឌ្ឍមាននៅគ្រប់កម្រិតគ្រប់វិស័យ និងគ្រប់កាលៈទេសៈស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចនិង សង្គមជាតិ។

លោកអភិបាលខេត្ត បានសម្តែងការកោតសសើរ ចំពោះក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី ខេត្ត ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍអង្គការជាតិ និងអន្តរជាតិដែលបានអនុវត្ត គោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រីយ៉ាងសកម្ម សម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត។ ដូច្នេះយើងទាំងអស់គ្នា ចូលរួមថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។

លោក ញ៉ែម សំអឿន បានបន្តថា បច្ចុប្បន្នរដ្ឋបាលខេត្ត មានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ដែលជាសេនាធិការ ក្នុងការអនុវត្តលើផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏មានក្រុមការងារ ជាពហុវិស័យឆ្លើយតបនឹងអំពើ ហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងនោះ ក៏មានមន្ទីរកិច្ចការនារី ជាលេខាធិការដ្ឋានអចិន្ត្រៃយ៍ ក្នុងការប្រឹក្សាយោបល់ និងជួយស្វែងរកសេវាផ្លូវច្បាប់ជូនស្ត្រី និងក្មេងស្រីរងគ្រោះ។

តាមរយៈក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រុមមេធាវីស្ម័គ្រ ចិត្តសម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់សេវាផ្នែកច្បាប់ជូនស្ត្រីក្រីក្ររងគ្រោះ ដោយករណីហិង្សា ក្នុងគ្រួសារ និងករណី រំលោភសេពសន្ថវៈ។ កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង១០ ដែលសម្រេចបានសូចនាករសំខាន់ៗ ទាក់ទងសុខភាព មាតា និងកុមារ រួមទាំងការទប់ស្កាត់ការរីករាលដាល នៃជំងឺអេដស៍ និងមេរោគអេដស៍។

ក្នុងនាមជារដ្ឋបាលខេត្ត លោកបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារសូមចូលរួមគាំទ្រគោលនយោបាយ សមភាព យេនឌ័រពិសេសប្រធានបទ ដែលក្រសួងកិច្ចការនារី បានលើកឡើងនាឆ្នាំនេះ ដើម្បីបង្កកាលានុវត្តភាពឲ្យស្រ្តី និងក្មេងស្រី បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងយុគសម័យឌីជីថល៕