(កំពង់ធំ)៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកស្រី នួន វិធាវី។

លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា អនុប្រធានក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានជីវប្រវត្តិ នៃការកើតឡើងទិវានារីអន្តរជាតិ ៨ មីនា ដោយបានបញ្ជាក់ថា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញកាត់ដេរនៅទីក្រុងស៊ីហ្គាហ្គូ និងញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីទាមទារបន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយ​សេនា​ធិការ​រង​ និង​ជាប្រធាន​ក្រុម​ការងារ​យ៉េនឌ័រ​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បានឡើងអានទាំងស្រុងនូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៣។

បន្ទាប់ពីជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនដល់ភរិយា និងយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំរួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះក្រុមការងារយេនឌ័រ និងយោធិននារីនៃ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងភរិយា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានរួមចំណែកក្នុងការងារជួយដល់សង្គមជាតិ ជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយោធិន ដែលមានជីវភាពលំបាកខ្វះខាតបានយ៉ាងល្អប្រសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការអបអរសាទរចំពោះទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល នឹងបានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារីនៅគ្រប់ពេលវេលា និងត្រូវលើកដំកើនតម្លៃដល់នារីគ្រប់រូបៗ ក្នុងសមភាពយេនឌ័រ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាមគ្គទេសក៍ឯកក្នុងការដឹកនាំអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការឯកភាពជាតិពេញលេញ ហើយបច្ចុប្បន្ននេះកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ៕